(ព្រះវិហារ)៖ ក្រុមហ៊ុននាំចេញអង្ករ ដ៏ល្បីឈ្មោះរបស់កម្ពុជា គឺក្រុមហ៊ុន Amru Rice បានចុះផ្សព្វផ្សាយ និងពិភាក្សាជាមួយប្រជាកសិករ លើកិច្ចសន្យាកសិកម្មស្រូវសិរីរាង្គ នៅខេត្តព្រះវិហារ ដើម្បីកំណត់គោលដៅផែនការ ធ្វើយ៉ាងណាផលិតស្រូវសិរីរាង្គ សម្រាប់កែច្នៃអង្ករនាំចេញឲ្យបាន ពី៨០០០ ទៅ៩០០០តោននៅរដូវកាលថ្មីនេះ។
អគ្គនាយកក្រុមហ៊ុន Amru Rice លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ឲ្យដឹងថា កម្មវធីផ្សព្វផ្សាយ និងពិភាក្សានេះជាមួយកសិករ ផលិតស្រូវសិរីរាង្គខេត្តព្រះវិហារនេះ មានការចូលរួមពីកសិករនៃសហគមកសិកម្ម ចំនួន១៩ សហគមន៍ ដែលត្រូវនឹងសមាជិកជិត៣០០០នាក់ ដោយចាប់ផ្តើមចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ទៀតថា ក្រុមហ៊ុន Amru Rice ត្រូវការកសិករចូលរួមជាមួយក្រុមហ៊ុន ដើម្បីសំរេចគោលដៅនេះ នៃការផលិតស្រូវសិរីរាង្គក្នុងបរិមាណប្រហែលជា៨០០០ ទៅ៩០០០តោនសំរាប់រដូវការថ្មីនេះ ដើម្បីធ្វើការកែច្នៃអង្ករនាំចេញ ទៅកាន់ទីផ្សារបរទេស។
អគ្គនាយកក្រុមនាំចេញអង្កររូបនេះ បានឲ្យដឹងថា «ខ្ញុំនឹងជំរុញផលិតផលអង្ករសិរីរាង្គ ខេត្តព្រះវិហារ ឲ្យពិភពលោកបានស្គាល់កាន់តែខ្លាំង នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧នេះ»៕