(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទូរស័ព្ទដោយផ្ទាល់ទៅកាន់លោក U Htin Kyaw ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា និងលោកស្រី អោងសាន ស៊ូជី រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាពិសេស ដើម្បីអបអរសាទរការឡើងកាន់តំណែងនៃរដ្ឋាភិបាលថ្មីជាផ្លូវការ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មានសិង្ហបុរី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦។
លោក អូបាម៉ា នៅក្នុងឱកាសនោះបានសម្តែងក្តីសប្បាយរីករាយខ្លាំងចំពោះជោគជ័យថ្មីនេះ ដែលវានឹងអាចដឹកនាំមីយ៉ាន់ម៉ា ទៅរកការគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីវិលយ៉ាងពេញលេញ មួយនៅថ្ងៃអនាគត។ ទោះបីជាយ៉ាងនេះក្តី លោក អូបាម៉ា ក៏នៅតែមានការខកចិត្តតិចតួចផងដែរ ចំពោះយោធា ដែលបានរឹតត្បិតតួនាទីរបស់លោកស្រី ស៊ូជី នៅក្នុងជួររដ្ឋាភិបាល ដែលនេះគឺចង់សំដៅទៅលើការមិនបានឡើងកាន់តំណែងជាប្រធានាធិបតីនោះឯង។
យ៉ាងណាក៏ដោយ លោកស្រី អោងសាន ស៊ូជី ធ្លាប់បានអះអាងថា ខ្លួននឹងដើរតួនាទីឲ្យធំជាងប្រធានាធិបតីទៅទៀត ដើម្បីបម្រើផលប្រយោជន៍ជាតិមីយ៉ាន់ម៉ាទាំងមូល៕