(អឺរ៉ុប)៖ សកម្មប្រយុទ្ធក្រុមឧទ្ទាម ISIS ម្នាក់ ដែលបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងព្រុចសែល ប្រទេសបែកហ្ស៊ិក កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ គឺធ្លាប់បានបម្រើការងារនៅក្នុងសភាសហភាពអឺរ៉ុប (EU) នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦។
អ្នកនាំពាក្យរបស់សភាសហភាពអឺរ៉ុប លោក Jaume Duch Guillot បានថ្លែងឲ្យដឹងថា សកម្មប្រយុទ្ធ ISIS ម្នាក់ក្នុងចំណោមសកម្មប្រយុទ្ធជាច្រើននាក់ ដែលបានបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រុចសែល គឺធ្លាប់បានបម្រើការងារជាអ្នកបោសសំអាងនៅសភាសហភាពអឺរ៉ុប ចន្លោះឆ្នាំ២០០៩ ដល់២០១០ ប៉ុន្តែមិនបានបញ្ជាក់ព័ត៌មានលម្អិតជាងនេះឡើយ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅនេះ មានករណីបំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះ និងចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល ប្រទេសបែកហ្ស៊ិក ដែលបណ្ដាលឲ្យមនុស្ស ៣៥នាក់ស្លាប់ និងរបួសជាង ២៥០នាក់ ដោយក្រុម ISIS បានចេញមុខអះអាងថាជាទង្វើរបស់ខ្លួន៕