(ទីក្រុងឡុងដ៍)៖ បន្ទាប់ពីការបកអាក្រាតពីការរៀបចំហិរញ្ញវត្ថុសម្ងាត់ ពីសំណាក់អ្នកមានអំណាច និង បុគ្គលល្បីៗនានានៅលើពិភពលោកនោះ Panama Papers នៅបានបង្ហាញទៀតថា ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសគឺជាទីតាំងស្នូលដ៏សំខាន់បំផុត សម្រាប់ជាបណ្តាញនៃជម្រកពន្ធរបស់ពិភពលោកទាំងមូល។
នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦។
ឯកសារលេចធ្លាយពីក្រុមហ៊ុន Mossack Fonseca បានអះអាងថា ចក្រភពអង់គ្លេស មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរាប់ពាន់ តាមរយៈការបិទបាំងពន្ធអាករ ហើយក៏មានការប្រើប្រាស់ លុយសម្ងាត់ នៅក្នុងការវិនិយោគផងដែរនៅអង់គ្លេស ជាពិសេសគឺលើទ្រព្យសម្បត្តិនានាក្នុងទីក្រុងឡុងដ៍ផ្ទាល់តែម្តង។
ពាក្យរិះគន់ជាច្រើន បានកើតឡើងជាបណ្តើរៗហើយ ដោយមតិទាំងនោះបានចោទប្រកាន់រដ្ឋាភិបាលអង់គ្លេសថា បានធ្វើជាខ្វាក់ភ្នែក ចំពោះការហូរចូលនៃហិរញ្ញវត្ថុដ៏គួរឲ្យសង្ស័យជាច្រើន។ គ្រាន់តែកោះ Virgin របស់អង់គ្លេសមួយប៉ុណ្ណោះ គឺបានកើតមានករណីមិនប្រក្រតីចំនួន ១១០,០០០ ករណី ឯណោះនៅក្នុងឯកសាររបស់ក្រុមហ៊ុន Mossack Fonseca៕