(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃទាំងឡាយ ដែលស្ថិតនៅក្រោមឱវាទក្រសួងទេសចរណ៍។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ។

សេចក្ដីជូនដំណឹងបានបញ្ជាក់យ៉ាងច្បាស់ថា ការបើកឡើងនូវគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃទាំងនេះ គឺសម្រាប់តែសាលា ឬមជ្ឈមណ្ឌលណាដែលស្ថិតក្នុងភូមិសាស្ត្រមានហានិភ័យទាបពីការរីករាលដាលជំងឺកូវីដ-១៩ប៉ុណ្ណោះ។

ក្រសួងបានបន្តណែនាំទៀតថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ និងការណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសត្រូវអនុវត្តតាមនីតិវីធីប្រតិបត្តិស្ដង់ដាអប្បបរមា សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃរបស់ក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖