(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល បានលើកឡើងថា ការប៉ុនប៉ងបំផ្លាញគណបក្សប្រជាជនកម្ពុជា ពីសំណាក់ជនមួយក្ដាប់តូច ត្រូវទទួលរងកម្មផលនៃអំពើអាក្រក់របស់ខ្លួន ក្រោយមានចេតនាទុច្ចរិតមិនល្អក្នុងប្រទេសជាតិ ដោយប្រឆាំងខុសជ្រុល ក្នុងបំណងវាយបំបាក់ហួសពីការពិត និងកេងចំណេញដោយគ្មានគុណធម៌ ក្រមសិលធម៌ជាមនុស្សសោះឡើយ ។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីជួបជុំសំណេះសំណាល យុវជនបក្សស្រុកពញ្ញាឮ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រមាណជា ២០០នាក់ នៅឯទីស្នាក់ការគណបក្សស្រុកពញ្ញាឮ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ។

លោកគង់ សោភ័ណ្ឌ បានសង្កត់ធ្ងន់ពីទង្វើទុច្ចរិត ចេតនាអាក្រក់ក្នុងការប្រឆាំងផ្កាប់មុខ ជ្រុលហួសហេតុរបស់កូនចៅអតីតបក្សប្រឆាំង ដែលត្រូវរលាយខ្ចាត់ខ្ចាយ ព្រោះទង្វើអាក្រក់របស់ខ្លួន ដោយបកអាក្រាតពីគំនិតទុច្ចរិតរបស់ពួកគេ នូវការតិទៀនហួសការពិត ខុសការពិត ចេតនាអាក្រក់ ក្នុងការបង្កើតចលាចលក្នុងសង្គម ញុះញង់ឲ្យមនុស្សស្អប់គ្នា ស្អប់សង្គម ស្អប់មេដឹកនាំ ស្អប់សមាជិកបក្សប្រជាជន ដែលទង្វើដ៏អាក្រក់នេះ មិនខុសពីពួកមនុស្សចង់តែកំទេចប្រទេសជាតិ និងបំផ្លាញសុខសន្តិភាព ដើម្បីបំណងទុច្ចរិតឡើងកាន់អំណាចទាំងងងើលដូច្នោះដែរ។

លោកអភិបាលណែនាំឲ្យក្រុមយុវជន ត្រូវបង្កើតក្រុមប្រតិកម្មឆ្លើយតបរហ័ស ទៅកាន់ការបង្ហោះព័ត៌មានបំភ្លៃទាំងឡាយ ដែលប៉ះពាល់មកលើសមាជិកគណបក្សប្រជាជន ប៉ះពាល់រាជរដ្ឋាភិបាល ប៉ះពាល់មេដឹកនាំ ដោយរួមគ្នាឆ្លើយតបប្រកបដោយវិជ្ជាជីវ:សាកសមនឹងមនុស្សមានគតិបណ្ឌិត ទៅលើព័ត៌មានញុះញង់បំភ្លៃការពិតណាមួយពីសំណាក់ជនអគតិ មកពីគណបក្សរលាយរលត់ ដោយបង្ហាញឲ្យឃើញពីតម្លៃនៃការខិតខំកសាងស្នាដៃ និងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជា។

លោក គង់ សោភ័ណ្ឌ ថែមទាំងជំរុញដល់យុវជន យុវតីទាំងអស់ត្រូវបង្កើនសមត្ថភាពខ្លួន និងចូលរួមបំរើសង្គម បំរើប្រជាពលរដ្ឋ ប្រកបដោយសិលធម៌ សុជីវធម៌ ឥរិយាបថ ក្នុងនាមយុវជនបក្ស ដើម្បីលើកកិត្តិយស សាកសមជាយុវជនបក្សប្រជាជនកម្ពុជា ដើម្បីទាក់ទាញប្រជាប្រិយភាពពីពលរដ្ឋឲ្យបានកាន់តែច្រើនឡើងៗ ពិសេស
ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។

លោកអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់ក្រុមយុវជនបក្ស ត្រូវខិតខំសិក្សារៀនសូត្រឲ្យក្លាយជាបញ្ញាវន្ត និងចូលរួមបំរើសង្គមជាតិ បំរើប្រជាជន សាកសមជាយុវជនបក្សប្រជាជនដែលស្រលាញ់ប្រជាពលរដ្ឋ ខិតខំកសាងស្នាដៃនានាទៅតាមលទ្ធភាពរបស់ខ្លួន ធ្វើយ៉ាងណាស្អំចិត្តប្រជាជនឲ្យមានភាពជឿជាក់ មកលើគណបក្សប្រជាជនយើង ពិសេសអំឡុងពេលដែលឈានជិតមកដល់ នូវការបោះឆ្នោតឃុំ-សង្កាត់ខាងមុខនេះ។

លោកអភិបាលខេត្តថែមទាំងជំរុញដល់យុវតីត្រូវជឿជាក់លើខ្លួនឯង ខណ:ដែលគេនឹងបញ្ចូលយុវតីប្រមាណជា៣០%ផងដែរ ក្នុងចំណោមអ្នកដឹកនាំជំនាន់ក្រោយរាប់ចាប់តាំងពីថ្នាក់ក្រោមទៅ ដូច្នេះយុវតីដ្បិតជាស្ត្រីមែនពិត ប៉ុន្តែត្រូវរាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់យេនឌ័រ ឲ្យស្មើរនឹងបុរសដែរ ហើយថែមទឆំងផ្ដល់ឋាន: បុណ្យសក្ដិ តួនាទីល្អៗ ខ្ពង់ខ្ពស់ទៅតាមសមត្ថភាពផងដែរ៕