(កោះកុង)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន តំណាងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងសហការីពីថ្នាក់ដឹកនាំ គណៈចលនា និងក្រុមការងារពីលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញសាកសួរសុខទុក្ខ និងប្រគល់អណ្តូងស្នប់ចំនួន ៣ អណ្តូងដល់គ្រួសារក្រីក្រ ចែកអំណោយជូនប្រជាពលរដ្ឋ៩៥គ្រួសារ និងក្មេងកំព្រាចំនួន៤០នាក់នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

អំណោយដែលយកទៅប្រគល់ជូន ប្រជាពលរដ្ឋ៩៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម ប្រេងតូច១ដប ស្ករស១គីទ្បូក្រាម និងមី៥កញ្ចប់ ក្មេងកំព្រាចំនួន៤០នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល អណ្តូងស្នប់ចំនួន ៣អណ្តូង ដែលជាអំណោយឧបត្ថមបានមកពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ តាមរយៈសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង។

ក្នុងឱកាសនោះ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានស្វាគមន៍ និងថ្លែងអំណរគុណគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់សាកសួរទុក្ខដល់ប្រជាពលរដ្ឋរបស់គាត់ ក្នុងខេត្តកោះកុង។

ក្នុងនាមគណៈចលនាសាសនិកឥស្លាម លោក រ៉ូហ្វី អូស្មាន បានលើកឡើងថា អំណោយទាំងនេះជាការចូលរួមចំណែកក្នុងការ ដោះស្រាយទុក្ខលំបាក និងកង្វល់របស់បងប្អូន ពីគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ។

លោក រ៉ូហ្វី អូស្មាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវឲ្យម្ចាស់ការ និងប្រាកដថាខ្លួនពិតជាមាន ឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឫចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឫអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលានឹងចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអនុវត្តឲ្យបានល្អ ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងការពារមេរោគឆ្លងកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា៕