(មណ្ឌលគិរី)៖ ក្រសួងធនធានធានទឹក និងឧតុនិយម នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៧ថ្ងៃមកនេះ បានធ្វើឱ្យភូមិសាស្ត្រមួយចំនួន នៅខេត្តមណ្ឌលគិរីមានជំនន់ទឹកភ្លៀង ខណៈទន្លេ-អូរមួយចំនួនក៏បានហក់ឡើងខ្លាំងផងដែរ។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៧ថ្ងៃមកនេះ បានបង្កជំនន់ទឹកភ្លៀងនៅស្រុកកោះញែក រីឯទឹកទន្លេស្រែពក និងទឹកអូរច្បារក៏បានហក់ឡើងខ្ពស់ ហៀលើមាត់ច្រាំងដោយអន្លើៗចន្លោះពី ៣-៥ម៉ែត្រ។ នៅឯតំបន់ទំនាបមួយចំនួន រួមទាំងក្នុងភូមិសាស្រ្តស្រុកកែវសីមា ក៏ហៀតាមមាត់អូរឆ្លូងផងដែរ។

ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច ត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាដែលអាចកើតឡើង ដោយប្រការណាមួយ៕