សម្តេចតេជោ បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបុណ្យចូលឆ្នាំថ្មី
07-04-2016 10:19
(កណ្តាល)៖ គ្រាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់នៅ ៦ថ្ងៃខាងមុខទៀតនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តក្រើនរំលឹក និងអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរទាំង ត្រូវបានមានស្មារតីខ្ពស់ក្នុងការបើកបរ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេង ដែលនាំមកនូវភាពសោគសៅ និងខកខានកម្មវិធីជួបជុំសប្បាយជាមួយក្រុមគ្រួសារ និងសាច់ញាតិ។
នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដ្ឋិ «តេជោរ៉ានីរតនៈ» នៅវត្តប្រជុំនទី ហៅក្រពើហា នៅក្រុងតាខ្មៅនាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលចូលឆ្នាំ ជាពេលសប្បាយរីករាយ មិនគួរបាត់បង់ជីវិត ឬទៅ នៅក្នុងមន្ទីរពេទ្យធ្វើឲ្យក្រុមគ្រួសារ ទាំងមូលកើតទុក្ខនោះទេ។
សម្តេចបានអំពាវនាវយ៉ាងដូច្នេះ «យើងចូលឆ្នាំ គួរតែសប្បាយ មិនគួរពេលចូលឆ្នាំបាត់បង់ជីវិត ហើយធ្វើឲ្យក្រុមគ្រួសារទាំងមូលមិនបានចូលឆ្នាំ បែរជាធ្វើបុណ្យខ្មោចទេ។ យើងចូលឆ្នាំ គួរតែសប្បាយ មិនគួរទៅនៅក្នុងមន្ទីរពេទ្យ ដែលគេកំពុងជួយសង្រ្គោះ ដោយ សារគ្រោះថ្នាក់ចរាចរ ការធ្វេសប្រហែស ដោយមិនគោរពជីវិតខ្លួនឯង និងជីវិតអ្នកដទៃនោះទេ។ សូមអំពាវនាវចំពោះប្រជាពលរដ្ឋយើង មេត្តាគោរពច្បាប់ចរាចរណ៍ និងបើកបរដោយមានការយោគយល់គ្នា ហើយកុំពិសារគ្រឿងស្រវឹង នៅក្នុងពេលបើកបរមិនថាម៉ូតូ ឬឡាននោះទេ»៕