(ភ្នំពេញ)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានសាខាកបាទក្រហមកម្ពុជាខេត្ត និងជាសមាជិកកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី៧ ខែមេសានេះ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ ស្រីក្រីក្រ ចាស់ជរា ស្ត្រីមានផ្ទៃពោះក្រីក្រចំនួន៦៥គ្រួសារ ស្ថិតក្នុងស្រុកពួក និងស្រុកអង្គរជុំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
កាកបាទក្រហមខេត្ត និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប បានយកចិត្តទុកដាក់ក្នុងការ ចុះមកសួរសុខទុក្ខ និងសំណេះសំណាល ជាមួយប្រជាពលរដ្ឋដូចជា ស្ត្រីមានផ្ទៃពោះក្រីក្រ ចាស់ជរាគ្មានទីពឹង អ្នកមានផ្ទុកមេរោគអេដស៍ និងកុមារកំព្រា និងបាននាំយកមកជាមួយនូវ សម្ភារៈតិចតួចសំរាប់មួយគ្រួសារៗ ទទួលបានដូចជា សារុង ក្រមា សាប៊ូលុច្ស សាប៊ូម្សៅ ច្រាស ថ្នាំដុសធ្មេញ នំធុង ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកដោះគោ អំបិល ប្រេងឆា ប៊ីចេង អង្ករ ២៥គីឡូក្រាម និងថវិកា ៤០០០០រៀល។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង មានមតិផ្តាំផ្ញើរបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពនូវច្បាប់ចរាចរណ៍ កុំធ្វើការចំណាកស្រុក ដោយប្រថុយប្រថាន បើសិនជាមានការចំណាកស្រុក សូមឲ្យស្របច្បាប់ ចៀសវៀងនូវការជួបនឹងគ្រោះថ្នាក់ផ្សេងៗ។ ម្យ៉ាងទៀតនេះជារដូវក្តៅ ហើយអាកាសធាតុមានការប្រែប្រួល ដែលងាយទទួលនូវជំងឺផ្សេងៗ ដោយប្រការណាមួយ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពទាំងអស់គ្នា។
ជាពិសេសជាងនេះ លោកស្រី គួយ ណាលីន ក៏បានផ្តាំផ្ញើឲ្យ ស្រ្តីដែលមានផ្ទៃពោះ ក្នុងអំឡុងពេល និងក្រោយពេលសំរាល ត្រូវមកទទួលសេវា នៅមណ្ឌលសុខភាពឲ្យបានជាប្រចាំ ឲ្យបានទៀងទាត់ និងធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ នៅនឹងមូលដ្ឋានរបស់ខ្លួន នៅពេលមានបញ្ហាណាមួយកើតមានឡើង ចំពោះបងប្អូនប្រជាពលរដ្ឋ៕