(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចតែមានកង្វល់ជានិច្ច នៅពេលមានបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំថ្មីជាដើម កង្វល់ព្រោះខ្លាចកើតមានឧប្បត្តិហេតុជាយថាហេតុណាមួយ កើតមានឡើងនៅក្នុងអំឡុងពេលនោះ។
ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដ្ឋិ «តេជោរ៉ានីរតនៈ» នៅវត្តប្រជុំនទី ហៅក្រពើហា នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ បានបញ្ជាក់ថា បញ្ហាអ្វី ក៏អាចកើតមានឡើងបានដែរ នៅលើពិភពលោកនាពេលបច្ចុប្បន្ន។ សម្តេចតេជោ បានបញ្ជាក់ទៀតថា នៅពេលប្រជាពលរដ្ឋលេងសប្បាយ សម្តេចត្រូវតែតាមដានសភាពការណ៍ជាប់ជានិច្ចទោះនៅកន្លែងណាក៏ដោយ។
សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «នៅពេលដែលប្រជាពលរដ្ឋកំពុងតែសប្បាយ ពេលហ្នឹងនាយករដ្ឋមន្រ្តីកំពុងតែកង្វល់ ព្រោះនៅលើពិភពលោក បច្ចុប្បន្នអ្វី ក៏អាចកើតឡើងបានដែរ សូម្បីតែប្រទេសនៅអឺរ៉ុប បារាំង ប៊ែលហ្សិក ទើបរងការវាយប្រហារហើយ។ អ៊ីចឹងទេ មិនអាចបាត់បង់ម្ចាស់ការ បានទេ នៅពេលមន្រ្តីរបស់យើងលង់លក់នៅក្នុងដំណេក ឬប្រជាពលរដ្ឋលង់លក់នៅក្នុងដំណេក ខ្ញុំនៅតាមដានសភាពការណ៍នៅឡើយទេ ជាមួយមន្រ្តីមួយចំនួន ដែលអាចធ្វើទំនាក់ទំនងបាន ពេលហ្នឹងអត់មានមេទ័ព មេប៉េអឹម មេប៉ូលិសណាបិទទូរស័ព្ទ ហៅទូរស័ព្ទរកអត់ឃើញ អ្នកឯងស្រវឹងអីអត់ទេ ស្រវឹងអត់បាន។ ចឹងទេកុំថា លោក ហ៊ុន សែន សប្បាយណាស់ចូលឆ្នាំ ប៉ុន្តែអត់ទេ ទូរស័ព្ទប៉ុន្មានបើកទាំងអស់»។
សម្តេចនាយករដ្ឋមន្រ្តី បន្ថែមថា «នេះជាការតព្វកិច្ចពីលើដល់ក្រោម ព្រោះគេឲ្យយើងមកឈរកន្លែងនេះ គេឲ្យយើងទទួលខុស និងត្រូវ មិនមែនទទួលតែអាត្រូវទេ អីចឹងទេបានថា ទោះបីចូលឆ្នាំនៅសៀមរាប ក៏ត្រូវទទួលបន្ទុកមើលកិច្ចការ»។
ទន្ទឹមនិងការបង្ហាញនូវកង្វល់ ក៏ដូចជាការព្រួយបារម្ភចំពោះសន្តិសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវបង្កើនកិច្ចការពារ និងយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕