(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ចំពោះមរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ ដែលត្រូវជាឪពុកបង្កើត។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ព្រមទាំងភរិយា មានសេចក្ដីក្ដុកក្ដួល និងសោកស្ដាយជាអនេក ដោយទទួលបានដំណឹងដ៏ក្រៀមក្រំអំពីមរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ គឺជាការបាត់បង់នូវស្វាមី ឪពុក ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គចិញ្ចឹមបីបាច់ថែរក្សា និងបានអប់រំណែនាំផ្តល់ដំបូន្មានធ្វើឲ្យកូន-ចៅបានក្លាយជាបញ្ញាវន្ត និងជាថ្នាក់ដឹកនាំ ដែលមានស្នាដៃក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍសង្គមជាតិ។

ម៉្យាងវិញទៀតមរណភាពរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏គំរូ ដែលតែងតែជួយគាំទ្រដល់ការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់ទុក្ខជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិ។

នៅក្នុងពេលវេលាដ៏សែនក្រៀមក្រំរន្ធត់ចិត្តនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងភរិយា ព្រមទាំងមន្រ្តីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខៀវ លន់ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕