(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក ក្នុងនោះយប់២លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់២២នាក់ និងរបួសស្រាល៨នាក់ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន២៧គ្រឿង រួមមានម៉ូតូចំនួន១៥គ្រឿង រថយន្តធុនតូចចំនួន៥គ្រឿង រថយន្តធុនធំចំនួន៥គ្រឿង យានផ្សេងៗ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន៩លើក ប្រជែងគ្រោះថ្នាក់២លើក, មិនគោរពសិទ្ធិ២លើក និងមិនប្រកាន់ស្តាំ៣លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៨នាក់។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥៧០៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២៣១៤គ្រឿង និងពិន័យសរុប៣៣៩១គ្រឿង៕