(ភ្នំពេញ)៖ តាមរយៈសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ បានបង្ហាញឲ្យដឹងថា អាជីវកម្មជាច្រើនដែលមានហានិភ័យទាប នៅក្នុងរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក្រោយផ្អាកមួយរយៈធំដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

អាជីវកម្មដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើង ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យអនុវត្តនូវវិធានការសុខាភិបាល យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសវាងការឆ្លងរីករាលដាលឡើងវិញសាជាថ្មី ពិសេសនៅតាមតំបន់ដែលធ្លាប់មានការឆ្លង។

ប៉ុន្ដែក្រោយសេចក្ដីជូនដំណឹងនេះ ប្រជាពលរដ្ឋមួយចំនួន ពិសេសអាជីវករ នៅតែមានមន្ទិលសង្ស័យថា តើអាជីវកម្មណាខ្លះត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ហើយណាខ្លះបន្ដផ្អាក?

ប្រការ២ នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអំឡុងពេល នៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដូចជា រោងភាពយន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ»។

ក្នុងនោះមានន័យថា អាជីវកម្មគ្រប់ប្រភេទដែលមិនស្ថិតក្រោមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រង់ប្រការ២នេះ គឺអាចបើកដំណើរការឡើងវិញបានធម្មតា។ ជាឧទាហរណ៍៖ កន្លែងម៉ាស្សា ស្ទីម សូណា សួនកម្សាន្ដរបស់កុមារ ជាដើម គឺត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ប៉ុន្ដែត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានសុខាភិបាល។

ការអនុញ្ញាតឲ្យអាជីវកម្មដែលមានហានិភ័យទាប អាចបើកដំណើរការឡើងវិញបានបែបនេះ គឺដោយសារតែស្ថានភាពនៃការឆ្លងរីករាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្នគឺអាចគ្រប់គ្រងបាន និងការរកឃើញអ្នកឆ្លងប្រចាំថ្ងៃក៏មានការធ្លាក់ចុះជាបន្ដបន្ទាប់ផងដែរ។

ដោយឡែក សម្រាប់ការប្រមូលផ្ដុំលក្ខណៈឯកជន ដែលកាលពីពេលកន្លងទៅកម្រិតត្រឹមមនុស្សប្រមាណ១៥នាក់នោះ ក៏ត្រូវបានលើកលែងផងដែរ។ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យមានការប្រមូលផ្ដុំមនុស្ស ជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមមិនលើសពី៥០នាក់នោះទេ លើកលែងតែក្នុងករណីចាំបាច់ ដូចមានកំណត់ក្នុងប្រការ៣៕