(ភ្នំពេញ)៖ លោក ហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោកស្រីឧកញ៉ា សៀង ចាន់ហេង ចូលខ្លួនឆ្លើយដោះបន្ទុកលើសំណុំរឿងក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦ នេះបើយោងតាមដីកាកោះឲ្យចូលខ្លួនរបស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ការចេញដីកាកោះហៅនេះធ្វើឡើងតាម ពាក្យបណ្តឹងរបស់លោកស្រីឧកញ៉ា លឹម ឃី អាយុ៣៩ឆ្នាំ ទីលំនៅសង្កាត់ផ្សារដេប៉ូ០២ ខណ្ឌទួលគោក។
ដីកាកោះឲ្យចូលខ្លួនបានសរសេរបញ្ជាក់ថា៖ «សម្រេចបង្គាប់ឲ្យជនជាប់ចោទឈ្មោះ សៀង ចាន់ហេង ភេទស្រី អាយុ៥២ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល»។
សូមបញ្ជាក់ថា ករណីប្ដឹងផ្ដល់នេះត្រូវបានគេអះអាងថា ផ្ដើមចេញពីទំនាស់ដីធ្លីនៅខេត្តកំពង់ឆ្នាំង៕