សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់រថយន្តឈ្នួល កុំឲ្យដំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
07-04-2016 08:59
(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវទៅដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ មេត្តាកុំឆ្លៀតដំឡើងថ្លៃនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់មហាកុដ្ឋិ «តេជោរ៉ានីរតនៈ» នៅវត្តប្រជុំនទី ហៅក្រពើហា នៅក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ បានថ្លែងថា ថ្លៃសាំងបានចុះហើយ មិនគួរម្ចាស់រថយន្តឈ្នួលតម្លើងថ្លៃធ្វើដំណើរនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះ «ឥឡូវប្រេងនៅលើទីផ្សារកម្ពុជា ក៏កំពុងតែចុះថ្លៃ ដូច្នេះមិនគួរបង្កើនថ្លៃធ្វើដំណើរក្នុងរយៈពេលនេះ (បុណ្យចូលឆ្នាំ) ដែលភាគច្រើនកម្មករ កម្មការិនីរបស់យើង ដែលមកពីជនបទត្រូវត្រឡប់ទៅវិញ ដើម្បីចូលឆ្នាំ ហើយត្រូវវិលពីស្រុកកំណើតមកកាន់ទីក្រុង ដើម្បីធ្វើការវិញ ហើយឆ្លៀតដំឡើងថ្លៃនោះទេ។ សូមមេត្តាម្ចាស់រថយន្ត ទាំងរថយន្តឈ្នួលធំៗ ទាំងតាក់ស៊ី សូមមេត្តាយោគយល់អំពីបញ្ហានេះ»។
សម្តេចតេជោ ហ៊ុន សែន បន្តថា ប្រសិនបើថ្ងៃធម្មតារកផលចំណេញបានប៉ុណ្ណា គួរបន្តទទួលប៉ុណ្ណោះដដែល ដើម្បីបង្ហាញពីកាយវិការ នៃការយោគយល់គ្នា៕