(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានបន្តវិធានការរដ្ឋបាល រយៈពេល១៤ថ្ងៃបន្ថែមទៀត ក្នុងភូមិសាស្ត្រខណ្ឌ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីរដ្ឋបាលខណ្ឌ ទទួលបានសេចក្ដីសម្រេចដាក់ចេញជាថ្មីមួយទៀត ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

លោក ជា ពិសី បញ្ជាក់ថា សេចក្ដីសម្រេចដាក់ចេញជាថ្មី របស់លោក ឃួង ស្រេង ស្ដីពីការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕