(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត នឹងចូលរួមពិធីថ្វាយព្រះពរព្រះមហាក្សត្រ ដែលរៀបចំដាច់ដោយឡែកដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៦នេះ។
ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មី ដើម្បីថ្វាយព្រះរាជសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅល្ងាចនេះ នឹងប្រព្រឹត្តទៅនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងនេះ ដោយមានការចូលរួមពីយុវជនតំណាងមកពីរាជធានីខេត្តជាង២៥៦០នាក់។
សហភាពសហព័ន្ធយុវជន ដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី បានប្រកាសថា ពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មីនេះ រៀបចំឡើងដើម្បីថ្វាយ ព្រះសព្ទសាធុការពរថ្វាយព្រះមហាក្សត្រនៃកម្ពុជា សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងព្រះបញ្ញាញាណវាងវៃ ដើម្បីគង់ ប្រថាប់ក្នុងព្រះ បរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ សម្រាប់សេចក្តីរបស់ប្រជានុរាស្ត្រគ្រប់រូប។
ពិធីថ្វាយព្រះពរនេះរៀបចំឡើង ក្នុងគោលបំណងសម្តែងពីទឹកចិត្តនៃក្តីស្រឡាញ់គោរព និងដឹងគុណចំពោះព្រះរាជគុណូបការៈដ៏ថ្លៃថ្លាបំផុត របស់ព្រះមហាក្សត្រដែលព្រះអង្គបានលះបង់ព្រះកាយពល ក៏ដូចជាព្រះបញ្ញាញាណរបស់ព្រះអង្គ ក្នុងការបម្រើជាតិមាតុភូមិប្រជារាស្ត្រ របស់ព្រះអង្គឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ហើយព្រះអង្គគឺជាម្លប់ដ៏ត្រជាក់ ផ្តល់នូវសុខដុមរមនា ក្នុងសុខសន្តិភាព និងសេរីភាពដល់កូនចៅប្រជារាស្ត្រគ្រប់រូបពិធីថ្វាយព្រះពរសង្ក្រាន្តឆ្នាំថ្មីនេះ នឹងប្រព្រឹត្តទៅដោយមានការយាងចូលរួមរបស់ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង ដោយមានការសម្តែងសិល្បៈបុរាណ សម័យ បទចម្រៀង និងតន្រ្តី អមដោយការតុបតែងភ្លើងពណ៌ នៅបរិវេណសួនច្បារមុខ ព្រះបរមរាជវាំង ព្រមទាំងការតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះរាជសម្មភាពនៅសួនព្រះបរមរតនកោដ្ឋ៕