(ក្រចេះ)៖ ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ ប្រដាប់អាវុធបាញ់សម្លាប់ប្រជាពលរដ្ឋ នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីប្លន់យកលុយមួយចំនួននោះ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ជាលទ្ធផល កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ ២នាក់(អ្នកធ្វើសកម្មភាពផ្ទាល់) និងកម្លាំងអាវុធហត្ថចាប់ខ្លួន បានម្នាក់ (ជាអ្នកដឹកមកទម្លាក់)។
សម្រាប់ប្រតិបត្តិការ តាមចាប់ក្រុមចោរប្លន់ខាងលើនេះ កម្លាំងនគរបាលខេត្តក្រចេះ បានទៅចាប់ខ្លួនពួកគេទាំង២នាក់ ដល់ស្រុកកែវសីមា ខេត្តមណ្ឌលគីរីទីកន្លែងដែលពួកគេរស់នៅ ខណៈកម្លាំងអាវុធហត្ថ បានចាប់ខ្លួនជនសង្ស័យ ម្នាក់នៅស្រុកស្នួល។
ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោកក្រោមការ ដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ អ៊ុំ ភី ស្នងការរងទទួលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក កង សុវណ្ណី អនុប្រធានការិយាល័យកណ្តាលនគរបាល ព្រហ្មទណ្ឌ និងកម្លាំងជំនាញ អធិការដ្ឋានស្រុកស្នួល បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីម៉ាខេត្តមណ្ឌលគិរី បានចុះទៅចំណុចភូមិពូចារ ឃុំស្រែព្រះស្រុកកែវសីមា ហើយឈានទៅ ឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ នៅស្រុកស្នួលបានចំនួន២នាក់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ឡេង វី អាយុ៣៧ ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា និងទី២ឈ្មោះ អឿន ភេទប្រុស អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា។ ដោយឡែកជនសង្ស័យ ដែលត្រូវបានកម្លាំងអាវុធហត្ថ ចាប់ខ្លួននោះមានឈ្មោះ ស្រេន ឡាង អាយុ៣៤ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល។
បើតាមលោកស្នងការ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងនេះរួចមក កម្លាំងរបស់លោក បានដកហូតកាំភ្លើងអាការកាត់ស្វាយ ចំនួន១ដើម និងគ្រាប់ចំនួន១២គ្រាប់ផងដែរ ដែលពួកគេបានប្រើទៅបាញ់ ប្លន់ពីជនរងគ្រោះនោះ។
លោកឧត្តមសេនីយ៍ លន់ សុផាត បានបញ្ជាក់ថា ជាការលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន៥លានរៀល និងអភិបាលខេត្តក្រចេះ លោក ស ចំរ៉ុង បានឧបត្ថម្ភថវិកាចំនួន៥លានរៀលផងដែរ។
សូមបញ្ជាក់ថា បុរសម្នាក់បាន ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងវែង បានបាញ់ប្រហារទៅលើ ជនរងគ្រោះជាម្ចាស់ផ្ទះដើម្បីប្លន់យកទ្រព្យសម្បត្តិ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចអូរខ្មោះស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
ក្រុមចោរមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែង បានធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់ជនរងគ្រោះ ជាម្ចាស់ផ្ទះចំនួន២គ្រាប់ ចំ-ពោះ និងឆ្អឹងជំនី បណ្ដាលឲ្យស្លាប់ហើយ ប្រមូលយកប្រាក់អស់ចំនួន២លានរៀល រត់គេចខ្លួនបាត់អស់ទៅ។
ជនរងគ្រោះមានឈ្មោះសឿន រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ សម្រាប់ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ច កំពុងបន្តសួរនាំ និងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕