(កែប)៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានថ្លែងថា សមាជិកសមាគមរាជសីហ៍ទាំងអស់ តែងតែបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងបញ្ញា ស្មារតី ប្រមូលផ្តុំ ជួបជុំរួមកម្លាំងសាមគ្គីភាពជាមួយនឹងសប្បុរសជនទាំងជាតិ និងអន្តរជាតិ ក្នុងការសម្រេចបុព្វហេតុការងារសង្គម និងមនុស្សធម៌ ចូលរួមជាមួយរាជរដ្ឋាភិបាល ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។

លោក ស៊ូម សារឿន បានបញ្ជាក់ដូចនេះនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកសម្រេចតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដោយមានការចូលរួមពីសមាជិក សមាជិកាជាច្រើនរូបផងដែរ។

លោក ស៊ូម សារឿន គូសបញ្ជាក់បន្ថែមថា ជាទឡ្ហីករណ៍នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះចាប់តាំងពីឆ្នាំ២០១៩ ដល់ត្រីមាសទី២ នៃឆ្នាំ២០២១នេះ សមាគម រាជសីហ៍ បានអនុវត្តដោយជោគជ័យនូវការងារមនុស្សធម៌ មិនត្រឹមតែជាមួយប្រជាពលរដ្ឋក្រីក្រ ជនពិការ ស្រ្តីមេម៉ាយ សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងកុមារកំព្រា ប៉ុណ្ណោះទេ ថែមទាំងជួយដល់អាជ្ញាធរមូលដ្ឋានកំពុងតែឈរជើងតាមគោលដៅការពារមណ្ឌលព្យាបាល និងចត្តាឡីស័កអ្នកជំងឺ និងអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នៅតាម បណ្តារាជធានីខេត្តមួយចំនួនផងដែរ។

លោក អ៉ឹង ឡាយឆាយ ប្រធានសមាគមរាជសីហ៏សាខាខេត្តកែប បានឱ្យដឹងដែរថា ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍមួយនៅក្នុងចំណោមបណ្តាប្រទេសនាៗ ទូទាំងសកលលោក ការចូលរួមក្នុងកិច្ចការសប្បុរសធម៌ក្នុងសង្គម ជាកត្តាសំខាន់ដើម្បីភាពរីកចម្រើនក្នុងសង្គម។ លោកប្តេជ្ញាចិត្តខិតខំស្វែងរកដៃគូរសហការ ទាំងនៅ ក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេស ជាពិសេសសប្បុរសជន ជាតិនិងអន្តរជាតិ ដើម្បីរួមចំណែកលើកស្ទួយការងារមនុស្សធម៍ និងពង្រឹងអនុភាពរបស់ សមាគម ឱ្យកាន់តែរីកចម្រើនឡើង។

លោកបានបន្តថា សមាគមរាជសីហ៍សាខាខេត្តកែប មិនត្រឹមតែខិតខំពង្រឹងទំនាក់ទំនងជាមួយខេត្តកែបប៉ុណ្ណោះទេ សមាគមនឹងបន្តស្វែងរកនូវជំនួយសប្បុរសធម៌ អាហារូបករណ៍ ដោះស្រាយនិងជួយសម្រួលការលំបាកនាៗរបស់សមាជិកសមាគមផងដែរ។ សមាគមនិងខិតខំអប់រំបណ្តុះបណ្តាលដល់យុវជនឱ្យមានសកម្មភាព ចូលរួមលើកការងារ មនុស្សធម៍ក្នុងខេត្តកែបឱ្យកាន់តែប្រសើរឡើងផងដែរ៕