(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានអប់រំ និងលើកទឹកចិត្តដល់យុវជនបក្សស្រុកខ្សាច់កណ្ដាល ឱ្យមានស្មារតី ចូលរួមបម្រើសង្គមជាតិ, ប្រជាពលរដ្ឋ ប្រកបដោយសិលធម៌ សុជីវធម៌ និងមានឥរិយាបថល្អ ក្នុងនាមយុវជន ដើម្បីលើកកិត្តិយស សាកសមជាយុវជនបក្សប្រជាជនកម្ពុជា ទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ពិសេសត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ។
ការណែនាំបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅក្នុងពិធីជួបជុំសំណេះសំណាល យុវជនបក្សស្រុកខ្សាច់កណ្ដាលប្រមាណ២០០នាក់ នៅសាលប្រជុំបក្សស្រុកខ្សាច់កណ្ដាល ដោយមានការចូលរួមពីលោកអភិបាលស្រុក និងមន្ត្រីជាច្រើននាក់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ក្រុមយុវជនបក្សយើងត្រូវខិតខំសិក្សារៀនសូត្រឱ្យក្លាយជាបញ្ញវន្ត និងចូលរួមបម្រើសង្គមជាតិ បម្រើប្រជាជនឱ្យសាកសមជាយុវជនបក្សប្រជាជន ដែលស្រឡាញ់ប្រជាពលរដ្ឋ ថែមទាំងខិតខំកសាងស្នាដៃនានា ទៅតាមលទ្ធភាពរបស់ខ្លួន ធ្វើយ៉ាងណាស្អុំចិត្តប្រជាជនឱ្យមានភាពជឿជាក់មកលើគណបក្សប្រជាជនយើង ពិសេសគឺអំឡុងពេលដែលឈានជិតមកដល់នូវការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខនេះ»។
លោក គង់ សោភ័ណ្ឌ បញ្ជាក់បន្ថែមថា យុវជនយើងជាសរសរទ្រូងប្រទេសជាតិ ដូច្នេះត្រូវតែខិតខំសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង, ជំនាញឱ្យក្លាយខ្លួនជាបញ្ញវន្ត ដើម្បីឈានដល់កម្រិតមួយដែលអាចចូលរួមបម្រើសង្គមជាតិ, បម្រើប្រជាពលរដ្ឋ ព្រមទាំងអាចក្លាយខ្លួនជាមេដឹកនាំនៅតាមបណ្ដាអង្គភាព, ស្ថាប័នណាមួយ ឬអាចនឹងមានការផ្ដល់ជាឋានៈខ្ពស់ណាមួយទៅតាមសមត្ថភាពរបស់ខ្លួន។ ដូច្នេះគេត្រូវការអ្នកចេះដឹងពិត, អ្នកមានសមត្ថភាពពិត, មានឥរិយាបថល្អ មានសិលធម៌, សុជីវធម៌ល្អ ដើម្បីសាកសមជាអ្នកបន្តវេនដឹកនាំសង្គមជាតិឱ្យដើរទៅមុខជារៀងដរាប។
ទន្ទឹមនឹងសារអប់រំដាស់តឿងឱ្យយុវជនមានស្មារតីបម្រើជាតិមាតុភូមិនេះដែរ លោកអភិបាលខេត្តថែមទាំងជំរុញដល់យុវតីត្រូវជឿជាក់លើខ្លួនឯង ខណៈដែលគេនឹងបញ្ចូលយុវតីប្រមាណជា៣០% ក្នុងចំណោមអ្នកដឹកនាំជំនាន់ក្រោយរាប់ចាប់តាំងពីថ្នាក់ក្រោមទៅ។ ដូច្នេះ យុវតីត្បិតជាស្ត្រីមែនពិត ប៉ុន្តែត្រូវរាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់យេនឌ័រឱ្យស្មើនឹងបុរស ហើយថែមផ្ដល់ឋានៈ បុណ្យសក្ដិ តួនាទីល្អៗ ខ្ពង់ខ្ពស់ទៅតាមសមត្ថភាពរបស់ខ្លួនផងដែរ៕