(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៦ របស់សន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៉ី (CICA)។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ក្រោមការដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី មុខតារ ទីឡើបឺរឌី (Mukhtar Tileuberdi) រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋកាហ្សាក់ស្ថាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់ថា ក្រោមមូលបទ «សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីក្នុងតថភាពថ្មី នៃពិភពលោកក្រោយការរីករាលដាលនៃជំងឺរាតត្បាត» រដ្ឋមន្ត្រីការបរទេស CICA បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រឹងនិងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងគោលបំណងចំបង គឺការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅទូទាំងតំបន់អាស៉ី។
អង្គប្រជុំបានផ្លាស់ប្ដូរទស្សនៈ និងបានដាក់ចេញនូវទិសដៅរួមសម្រាប់បញ្ហាតំបន់ និងសកលសំខាន់ៗ រួមមានសារសំខាន់នៃការប្រកាន់ខ្ជាប់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានច្បាប់ជាមូលដ្ឋាន ការការពារបរិស្ថាន តម្រូវការក្នុងការទាញយកប្រយោជន៍ពីបចេ្ចកវិទ្យាចុងក្រោយដើម្បីសម្របសម្រួលការស្ដារសង្គម-សេដ្ឋកិច្ចពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្សក្នុងន័យទាំងស្រុង ស្របតាមគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។
ក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាសន្តិភាពនិងវិបុលភាពសកល ដែលប្រទេសទាំងអស់ខិតខំសម្រេចបានដោយលំបាក រួមទាំងភាពចាំបាច់តម្រូវឱ្យរដ្ឋសមាជិក CICA ចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបញ្ហាប្រឈមដទៃទៀត ដូចជា ការប្រកួតប្រជែងរវាងមហាអំណាច ការរាំងស្ទះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងគម្លាតនៃការអភិវឌ្ឍ។
លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរដ្ឋសមាជិក CICA ទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកស្ទួយជំហរអន្តរជាតិរបស់ CICA ក្នុងការលើកកម្ពស់កិច្ចសន្ទនាដែលមានប្រកបដោយបរិយាប័ន្ននិងស្មារតីកសាង ការសម្របសម្រួលពាណិជ្ជកម្មនិងការវិនិយោគ និងការអនុវត្តមធ្យោបាយប្រកបដោយនវានុវត្តន៍ក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនៅទូទាំងតំបន់ ដូចជាទំនាក់ទំនងតាមរយៈ Track 1.5 និងTrack 2 ជាដើម។
អង្គប្រជុំបានអនុម័តឯកសារដូចជា៖ ១) បទបញ្ញត្តិសម្រាប់ក្រុមប្រឹក្សាឥស្សរជនឆ្នើម CICA (CICA Council of Eminent Persons) ២) បច្ចុប្បន្នភាពនៃកាតាឡុក CICA ស្ដីពីយន្តការកសាងទំនុកចិត្ត និង៣) វិសោធនកម្មនីតិវិធីនៃការសម្រេចចិត្តរបស់ CICA៕