(សៀមរាប)៖ ពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១០០គ្រួសារ បានទទួលអំណោយពីរដ្ឋបាលសង្កាត់គោកចក និងមានការចូលរួមពីវិស័យឯកជនផង។
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក បានដឹកនាំសមាជិកសមាជិកា និងក្រុមការងារយុវជនសង្កាត់ សហការជាមួយក្រុមហ៊ុន Rotary club of phnom penh chaktomok តាមរយៈលោក Steven Phich តំណាងសាខាខេត្តសៀមរាប និងភរិយា រៀបចំចែករំលែកជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតក្នុងបរិបទកូវីដ១៩ ចំនួន១០០គ្រួសារ រស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ។
គ្រឿងឧបភោគបរិភោគ ដែលមកចែកជូនរួមមាន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម , អំបិលចំនួន ១គីឡូក្រាម, ស្ករសចំនួន ១គីឡូក្រាម, ត្រីខចំនួន ១យួ ,មីចំនួន០១កេស ,សណ្តែកដីលីងចំនួន៥០០ក្រាម និងសាប៊ូដុះខ្លួន០១ប្រអប់ ។
លោក ទិត ឌីរ៉ា ចៅសង្កាត់គោកចក បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Rotary club of phnom penh chaktomok ដែលបានជួយឧបត្ថម្ភ ជាស្បៀងអាហារ សម្រាប់ចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងបរិបទជំងឺកូវីដ-១៩ ក្នុងសង្កាត់គោកចក នាពេលនេះ ។
ជាមួយគ្នានោះដែរ លោកចៅសង្កាត់ ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ អោយយកចិត្តទុកដាក់ ឱ្យបានខ្ពស់ចំពោះការធ្វើអនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេសគោរពតាមការណែនាំរបស់ អាជ្ញាធរនិងក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕