(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានឧបត្ថម្ភមីចំនួន ១,០០០កេស ជូនមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ សម្រាប់ផ្តល់ជូនជនងាយរងគ្រោះ កំពុងស្នាក់នៅតាមមណ្ឌលនានាក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលលើជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងកំឡុងពេលដែលប្រទេសជួយប្រទះជំងឺកូវីដ១៩។
លោក ឃួង ស្រេង បានបញ្ជាក់ថា កុមារ និងគ្រួសាររងគ្រោះ, ងាយរងគ្រោះដែលជួបប្រទះហានិភ័យ តែងតែត្រូវបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាលកម្ពុជា និងបានណែនាំដល់លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់មើលថែទាំ ជនពិការភាព ជនងាយរងគ្រោះ ដែលរស់នៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចឱ្យបានល្អ ជាមួយនឹងការផ្តល់ស្បៀងអាហារជូនពួកគាត់ឱ្យបានគ្រប់គ្រាន់។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា អំណោយជាមីទាំង ១,០០០កេស និងនាំយកផ្តល់ជូនដល់ជនពិការភាព ជនងាយរងគ្រោះ ដែលកំពុងស្នាក់នៅតាមមណ្ឌលទាំង៦ក្នុងរាជធានី ដើម្បីពួកគាត់បាមទទួលទានបានសមរម្យ ។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថា អំណោយនេះ ត្រូវបានបែងចែកជូនទៅតាមមណ្ឌល រួមមាន ៖ មណ្ឌលកុមារកំព្រាភ្នំពេញថ្មី ចំនួន ១០០កេស, មណ្ឌលកុមារកំព្រាកុលាបទី៤ ចំនួន១០០កេស, សមាគមសំនៀងតន្ត្រីចាបតូចចំនួន ១០០កេស, មណ្ឌលសំចតសង្គមកិច្ច រាជធានីភ្នំពេញព្រៃស្ពឺចំនួន២០០កេស, មជ្ឈមណ្ឌលឱកាសខ្ញុំចំនួន ៤០០កេស និងជនចាស់ជរាជួបការលំបាក និងបុគ្គលិកជាប់កិច្ចសន្យា ជួបការលំបាកផ្នែកជីវភាពចំនួន ១០០កេស។
ជំនួសមុខឱ្យជនងរងគ្រោះ ជនងាយរងគ្រោះ ជនពិការភាពទាំងអស់ លោកស្រី មុំ ចាន់ដានី ថ្លែងអំណរគុណ និងគោរពជូនពរលោកអភិបាលរាជធានី និងលោកស្រី ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ ដើម្បីបន្តដឹកនាំ អភិវឌ្ឍរាជធានីភ្នំពេញកាន់តែល្អប្រសើរឡើងថែមទៀត៕