(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ នៅមណ្ឌបព្រះបរមរូប ស្ថិតនៅសួនច្បារខាងកើតវិមានឯករាជ្យ។
នៅក្នុងឱកាសដ៏ក្រៀមក្រំនោះ លោករដ្ឋមន្ត្រី និងប្រតិភូ បានសម្តែងនូវអារម្មណ៍វិបយោគដ៏ជ្រាលជ្រៅ និងសោកស្តាយអាឡោះអាល័យជាទីបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និងបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គទ្រង់បានសាងស្នាព្រះហស្ថឧត្តុង្គឧត្តមជាច្រើន ក្នុងការដឹកនាំជាតិ ទទួលបានការរីកចម្រើនស្ទើរគ្រប់វិស័យ។
លោករដ្ឋមន្ត្រី និងប្រតិភូ បានឧទ្ទិសសូមឱ្យព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ស្តេចយាងទៅសោយសុខក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ តាងនាមថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រីនឹងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ត ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បីបូរណភាពទឹកដីកម្ពុជា។
គួររំលឹកដែរថា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយទិវង្គតដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ១៖២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯមន្ទីរពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន។
ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឲ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្តខ្មែរ និងមន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ៕