(ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាល និងសម្ភព «ឯក កុសល» ស្ថិតនៅតាមផ្លូវបេតុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យដំណើរការព្យាបាលជម្ងឺទូទៅហើយ កាលពីវេលាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់សំរោងក្រោម ព្រមទាំងលោក ឯក កុសល ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល ព្រមទាំងក្រុមគ្រូពេទ្យច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនោះ អភិបាលខណ្ឌពោធិ៍សែនជ័យ បានកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យដំណើរការមន្ទីរពេទ្យខាងលើនោះ ហើយបន្ទាប់ពីកាត់ខ្សែបូរណ៍រួចលោកបានដឹកនាំមន្រ្តីក្រោមឱវាទ ដើរទស្សនាគ្រប់បន្ទប់នៅក្នុង មន្ទីរសម្រាកព្យាបាល និងសម្ភពរួមមាន៖ បន្ទប់សម្រាប់សម្រាកព្យាបាលអ្នកជម្ងឺ, បន្ទប់វះកាត់, បន្ទប់អេកូ ថតស្គែន, បន្ទប់សង្រ្គោះបន្ទាន់ និងបន្ទប់សម្រាលកូនជាដើម។
ទន្ទឹមនិងនេះដែរ ដើម្បីចូលរួមផ្នែកការងារមនុស្សធម៌ជាមួយអាជ្ញាធរខណ្ឌលោក ឯក កុសល ដែលជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព ឯក កុសល បានបានផ្ដល់អង្ករចំនួន២តោន និងមីចំនួន៣០កេស ដល់លោក ហែម ដារិទ្ធិ ដើម្បីទុកសម្រាប់ចាត់ចែងក្នុងការជួយសង្រ្គោះដល់ជនទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង និងជនរងគ្រោះផ្សេងៗទៀតជាដើម ដែលជួបការលំបាកខ្វះខាត និងត្រូវការជំនួយនោះ៕