(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រៃវែងដឹកនាំដោយលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សុមេធី អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ»។
លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ការប្រារព្ធពិធីនេះឡើង គឺដើម្បីបង្ហាញនូវការគោរពស្រឡាញ់ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជានុរាស្ត្ររបស់ព្រះអង្គ។
សូមបញ្ជាក់ថា វេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី៩ឆ្នាំមុន (២០១២) គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុតសម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា។
ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា។
ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។
ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា៕