(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលគេដឹងថា ធ្លាប់ធ្វើជាមន្រ្តីទូតនៅសម័យរដ្ឋកម្ពុជាទស្សវត្សរ៍ឆ្នាំ៨០ នោះ បានថ្លែងផ្តាំផ្ញើ និងក្រើនរំលឹកទៅមន្រ្តីទូតរបស់កម្ពុជាថា សមរភូមិការទូត មិនខុសពីសមរភូមិយោធាទេ បើមានការយឺតយ៉ាវតែ ប្រាំនាទី សភាពការណ៍អាចប្រែប្រួលទាំងស្រុង។
ការផ្តាំផ្ញើរបស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងពេលសម្តេចអញ្ជើញផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ពីឧបនាយករដ្ឋ មន្រ្តី ហោ ណាំហុង ទៅឲ្យលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីក្រសួងការបរទេស ដែលមិនអនុញ្ញាតឲ្យមានការយកព័ត៌មានអ្នកព័ត៌មាននោះ សម្តេចតេ ជោ ក៏បានថ្លែងផ្តល់នូវដំបូន្មានមួយចំនួនទៀត ដូចជា៖
១- នៅឲ្យគេស្រឡាញ់ ចាកចេញឲ្យគេរលឹក!
២- ខ្ញុំសុខចិត្តឲ្យគេបោះបង់ខ្ញុំ តែខ្ញុំមិនបោះបង់អ្នកណាម្នាក់ឡើយ!
៣- មិនថាយើងជាប្រទេសតូច ប្រទេសក្រីក្រ ចំណែកគេជាប្រទេសធំ ប្រទេសអ្នកមាន យើងត្រូវតែប្រកាន់ជំហរអធិបតេយ្យ ស្មើរមុខ ស្មើរភាពក្នុងការជជែកចរចារ!
៤- ថ្ងៃនេះផ្លាស់ប្តូររដ្ឋមន្ត្រីការបរទេស មិនមែនផ្លាស់ប្តូរនយោបាយការបរទេសទេ!
សូមបញ្ជាក់ថា ដំបូន្មានរបស់នាយករដ្ឋមន្រ្តី ត្រូវបានដកស្រង់ដោយមន្រ្តីក្រសួងការបរទេសនៅថ្ងៃផ្លាស់ប្តូរតំណែងរដ្ឋមន្រ្តី ហើយត្រូវ បានចែកចាយតាមបណ្តាញសង្គម Facebook៕