(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្រើនរំលឹកទៅមន្រ្តីរបស់ខ្លួនថា ការបើក ប្រាក់បៀវត្សន៍ជូនមន្រ្តីរាជការគឺជារឿងសំខាន់ ជាពិសេសប្រាក់បៀវត្សរ៍របស់និវត្តជន ដែលត្រូវយកចិត្តទុកដាក់បើកឲ្យបានឆាប់ រហ័ស និងមានប្រសិទ្ធភាព។
ការជំរុញរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញប្រគល់ការងារជូនមន្រ្តីរាជការបេឡាជាតិសន្តិសុខសង្គមសម្រាប់ មន្រ្តីរាជការស៊ីវិលតាមរាជធានី-ខេត្ត ជាបណ្តោះអាសន្ន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦។
លោក វង សូត បានហៅការប្រគល់ភារកិច្ចទៅកាន់មន្រ្តីរាជការបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិលនេះ ដើម្បីបង្កើន កិច្ចសហការរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយមន្រ្តីទទួលបន្ទុកការងារបេឡាជាតិសន្តិសុខសង្គមតាមរាជធានី-ខេត្ត ឲ្យកាន់តែ ប្រសើរឡើង។ ជាពិសេសការពង្រឹងការគ្រប់គ្រងនិវត្តជន ឲ្យមានប្រសិទ្ធភាព និងច្បាស់លាស់ សម្រួលដល់ការធ្វើបច្ចុប្បន្នភាព និង ក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ ហើយប្រើប្រាស់ធនធាន និង យន្តការដែលមានស្រាប់ឲ្យអស់លទ្ធភាព។
លោក វង សូត ក៏បានថ្លែងជំរុញឲ្យមន្រ្តីរៀបចំយន្តការធ្វើយ៉ាងណា ឲ្យប្រព័ន្ធការងារស៊ីសង្វាក់គ្នា មានភាពប្រសើរឡើង ដែលបម្រើ ឲ្យតម្រូវការសម្រាប់មន្រ្តីរាជការស៊ីវិល និងនិវត្តជន។
បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ មិនទាន់អនុញ្ញត ឲ្យបេឡាជាតិសន្តិសុខសង្គមសម្រាប់ មន្រ្តីរាជការស៊ីវិលរៀបចំការិយាល័យ និងសាខានៅតាមរាជធានី ខេត្តនៅឡើយទេ ជាពិសេសប្រាក់កម្រៃសម្រាប់មន្រ្តីទទួលបន្ទុក ការងារបេឡាជាតិសន្តិសុខសង្គម។ មន្រ្តីមន្ទីរសង្គមកិច្ច ដែលទទួលបន្ទុកការងារបេឡាជាតិសន្តិសុខសង្គមបណ្តោះអាសន្នមាន ៧០ នាក់។
ទន្ទឹមនិងការប្រគល់ភារកិច្ចការងារបណ្តោះអាសន្ននេះ បេឡាជាតិសន្តិសុខសង្គម បានប្រគល់សម្ភារៈបរិក្ខារ សម្ភារៈការិយាល័យ មួយចំនួនសម្រាប់បំពេញការងារផងដែរ៕