(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ១៩ ប្រភេទ Delta ក្នុងភូមិសាស្ត្រខេត្ត។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ «ត្រូវបានអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ សម្រាប់រយៈពេល ២សប្តាហ៍បន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ដើម្បីធានាប្រសិទ្ធិភាព នៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta»។
បន្ថែមពីនេះទៀត រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា ក្នុងរយៈពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នត្រូវបានហាមឃាត់៖
*ទី១៖ ការធ្វើសកម្មភាពមុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្តូតែក បៀហ្គាឌិន អាជីវកម្មម៉ាស្សា ស្ទីមសូណា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
*ទី២៖ សកម្មភាពអាជីវកម្មពេលរាត្រីរួមមាន៖ តូបលក់ចល័ត ផ្សាររាត្រី ម៉ាត ហាងលក់ទំនិញគ្រប់ប្រភេទ ភោជនីយដ្ឋាន អាហារដ្ឋាន ការជួបជុំនៅតាមទីសាធារណៈនានាដែលមានភាពអ៊ូអរ ត្រូវហាមឃាត់ ចន្លោះពីម៉ោង២២៖០០ ដល់ម៉ោង ៣៖០០នាទីទៀបភ្លឺជាកំហិត។
*និងទី៣៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖