(ភ្នំពេញ)៖ នៅទីស្តីការក្រសួងសង្គមកិច្ចនាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ លោក វង សូត រដ្ឋមន្ត្រី និងភរិយា រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រារព្ធពិធីសូត្រមន្ត បង្សុកូល និងប្រគេនទេយ្យ ទានដល់ព្រះសង្ឃ ព្រមទាំងមានការសម្តែងរបាំជូនពរ និងរបាំត្រុឌ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។
បន្ទាប់ពីធ្វើកិច្ចនមសិកាព្រះរតនត្រ័យរួចមក លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ភរិយា ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានអញ្ជើញវេប្រគេនចង្ហាន់ ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលបួងសួងដល់ វិញ្ញាណក្ខ័ន្ធបុព្វការីជន ដែលបានបាត់បង់ជីវិតមកទទួលនូវកុសលផលបុណ្យ និងបានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ ព្រមទាំងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាឆ្នាំថ្មី និងវត្ថុសក្តិសិទ្ធទាំងឡាយ ប្រទានពរជ័យ សិរីសួស្តី បវរមហាប្រសើរ សិ រីមង្គល វិបុលសុខ គ្រប់ប្រការ ជូនដល់ ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្ប ទា ទាំងអស់ ទទួលបាននូវសុខសុភមង្គល សុខភាពល្អ កម្លាំងកាយមាំមួន ដើម្បីបន្តបំពេញភារកិច្ចរបស់ខ្លួនលើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យទទួលបានភាពជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិ និងប្រជាពលរដ្ឋស្របតាមការអភិវឌ្ឍសេដ្ឋ កិច្ចជាតិ ។
ក្នុងឱកាសនោះ ក៏មានការសម្តែងរបាំជូនពរ និងរបាំត្រុឌ ដែលជារបាំប្រពៃណីជាតិខ្មែរមានអាយុកាលយូរលង់ណាស់មកហើយ ការ សម្តែងរបាំនេះ គឺដើម្បីប្រសិទ្ធពរជ័យ និងបណ្តេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ លើករាសីឆ្នាំថ្មី ដល់ឯកឧត្តម វង សូត រដ្ឋមន្រ្តី និង លោកជំទាវ បុត្រា បុត្រី ចៅៗជាទីស្រលាញ់ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ពីទេវតាឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
ឆ្លៀតក្នុងឱកាសដ៏មហាឡោរិកនោះ លោក វង សូត បានសម្តែងនូវភាពរីករាយយ៉ាងក្រៃលែង អបអរសាទរ និង ជូនពរដល់ថ្នាក់ដឹក នាំមន្រ្តីរាជការទាំងអស់ ទទួលបាននូវសុខភាពល្អ និង ជោគជ័យក្នុងការងារ ជាពិសេសធ្វើយ៉ាងណាផ្តល់សេវាសង្គមកិច្ច ជូនប្រជា ពលរដ្ឋឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា៕