(ភ្នំពេញ)៖ ដើម្បីសម្រេចផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋតាមផែនការរបស់រាជរដ្ឋាភិបាលនោះ ក្រុមគ្រូពេទ្យកងទ័ពអាកាស ក៏បានចូលរួមក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះផងដែរ ចាប់តាំងពីដូសទី១មកម្ល៉េះ។ ក្រោមឆ័ត្ររបស់ក្រសួងការពារក្នុងយុទ្ធនាការចាក់ដូសទី៣ ឬដូសជំរុញ ក្រុមគ្រូពេទ្យកងទ័ពអាកាសចំនួន៦ក្រុម ស្មើនឹង ១២៥នាក់ ត្រូវបានចាត់តាំងឱ្យចាក់ជូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ។

ក្រុមគ្រូពេទ្យកងទ័ពអាកាស បានបំពេញការងារចាក់ដូសជំរុញនេះ តាំងពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១មកម្ល៉េះ។ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស បានយកចិត្តទុកដាក់ និងតាមដាន់ជាប់ជាប្រចាំទៅលើក្រុមការងាររបស់ខ្លួន ដើម្បីធានាបាននូវការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឈរលើស្មារតីនេះ នាយឧត្តមសេនីយ៍ សឹង សំណាង តែងតែចុះត្រួតពិនិត្យជាប្រចាំនៅទីតាំងដែលក្រុមការងារចាក់វ៉ាក់សាំងរបស់កងទ័ពអាកាសកំពុងឈរជើង។ រាល់ពេលចុះពិនិត្យការងារនេះ នាយឧត្តមសេនីយ៍ សឹង សំណាង តែងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមានប្រសាសន៍ជំរុញឲ្យប្រជាពលរដ្ឋ ទៅទទួលយកបណ្ណចាក់វ៉ាក់សាំង ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការធ្វើដំណើរចេញចូលទីផ្សារ ឬកន្លែងផ្សេងទៀតដែលគេតម្រូវឲ្យបង្ហាញព័ត៌មាន ឬបណ្ណចាក់វ៉ាក់សាំង។

នាយឧត្តមសេនីយ៍ ក៏បានសំណូមពរដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលខណ្ឌដង្កោ អញ្ជើញប្រជាពលរដ្ឋរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ពីព្រោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លោកបានយកចិត្តទុកដាក់មកលើសុខមាលភាពរបស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ កម្ពុជាអាចឈានទៅបើកដំណើរការសេដ្ឋកិច្ច អាជីវកម្មពេញលេញឡើងវិញ គឺការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបានគ្រប់ៗគ្នា។

ឧត្តមសេនីយ៍ឯក គង់ មុនី មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងអាកាស បានឱ្យដឹងថា ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យកងទ័ពជើងអាកាសបានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក សង្កាត់ព្រៃវែង សង្កាត់ស្ពានថ្ម សង្កាត់ព្រៃស សង្កាត់ក្រាំងពង្រ សង្កាត់ព្រែកកំពឹស បានចំនួនសរុប ៤,៧១៤នាក់ ក្នុងនោះមានស្រីចំនួន ២,៦៦៩នាក់។

ដោយឡែកគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យកងទ័ពជើងអាកាសបានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោបានចំនួន ២២,៧៨១នាក់ ។ បច្ចុប្បន្នក្រុមគ្រូពេទ្យកងទ័ពជើងអាកាស កំពុងបន្តការងាររបស់ខ្លួនតាមគោលដៅចាប់តាំងពីពេលព្រឹក ដល់ពេលល្ងាច ទាល់តែបញ្ចប់ដោយជោគជ័យតាមផែនការ៕