(ស្វីស)៖ ការិយាល័យរបស់ Uefa ត្រូវបានប៉ូលិសប្រទេសស្វីសធ្វើការឆែកឆេ បន្ទាប់ពីអតីតអគ្គលេខាធិការលោក Gianni Infantino ដែលឥឡូវគឺជាប្រធាន FIFA នោះ ក៏មានឈ្មោះនៅក្នុង​ឯកសារបែកធ្លាយ ដោយក្រុមហ៊ុនច្បាប់ Mossack Fonseca មានទីស្នាក់ការនៅប៉ាណាម៉ា កាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។ នេះបើតាមការចេញ ផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅយប់ថ្ងៃពុធ ទី០៦ ខែមេសា ឆ្នាំ២០១៦។

នៅក្នុងឯកសារនោះបានបញ្ជាក់ថា លោក Infatino បានចុះហត្ថលេខារួមគ្នាមួយលើកិច្ចព្រមព្រៀងស្តីពី សិទ្ធិចាក់ផ្សាយកម្មវិធីលើទូរទស្សន៍ក្នុងឆ្នាំ ២០០៦ ជាមួយនឹងអ្នកជំនួញពីររូប ដែលបន្ទាប់មកត្រូវបាន គេចោទប្រកាន់រឿងអំពើស៊ីសំណូកនោះ។ យ៉ាងណាក៏ដោយ ប្រធាន Fifa បច្ចុប្បន្នរូបនេះ បានច្រានចោលរាល់ការចោទប្រកាន់ទាំងស្រុង ដោយលោកបានអះអាងថា មិនបានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ទាំងអស់នោះឡើយ។

នៅក្នុងប្រតិបត្តិការចុះឆែកឆេនោះ UEFA បានអះអាងប្រាប់ភ្នាក់ងារប៉ូលិសស្វីសថា ខ្លួននឹងផ្តល់ឲ្យប៉ូលិសនូវ រាល់ឯកសារពាក់ព័ន្ធទាំងអស់ ហើយក៏នឹងធ្វើការសហការចំពោះការងារទាំងអស់ យ៉ាងពេញទំហឹងផងដែរ៕