(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីស្ថានភាពនៃជំងឺកូវីដ១៩ ក្នុងខេត្ដរបស់ខ្លួនថា ស្ថានភាពបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ មានភាពធូរស្រាលឡើងវិញហើយ និងគ្មានការបិទខ្ទប់ក្នុងទ្រង់ទ្រាយធំទៀតនោះទេ ប៉ុន្ដែនៅបន្ដអនុវត្ដវិធានការសុខាភិបាល និងបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ព្រឹកដដែល។

ការថ្លែងដូច្នេះ របស់អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

លោកអភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងបន្ដថា «សម្រាប់ស្ថានភាពក្នុងខេត្ដនៅពេលនេះ គឺមានស្ថានភាពភាពធូរស្រាល ហើយបើមានករណីឆ្លងជំងឺកូវីដ១៩ នៅផ្ទះណា គឺយើងនឹងចុះទៅបិទខ្ទប់ផ្ទះនោះ ដោយមិនបិទខ្ទប់ទ្រង់ទ្រាយធំនោះទេ ដោយមិនចាំបាច់បិទផ្សារ ឬអាជីវកម្មរបស់ប្រជាពលរដ្ឋណានោះទេ ដោយយើងបានដាក់ក្រុមការងាររបស់យើងគ្រប់ឃុំទាំងអស់ ដើម្បីតាមដានពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ។លើសពីនោះ បើមាននរណាម្នាក់មានរោគសញ្ញា យើងនឹងដឹកគាត់មកមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព បើវិជ្ជមាន យកមកព្យាបាល សម្រាប់សមាជិកគ្រួសារគាត់ យើងនឹងតាមដាន ផ្ដល់ថ្នាំ ផ្ដល់ស្បៀងអាហារ និងបិទខ្ទប់ផ្ទះរបស់គាត់»

លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ នៅខេត្ដបន្ទាយមានជ័យមានភាពធូរស្រាលក្ដី តែយើងនៅរឹតបន្ដឹងវិធានការសុខាភិបាលដដែល និងបម្រាមគោរចរ ដែលបានដាក់ចេញ ព្រោះខេត្ដបន្ទាយមានជ័យ ជាខេត្ដងាយប្រឈមនូវការចម្លងជំងឺកូវីដ១៩ តាមរយៈការធ្វើដំណើររបស់ប្រជាពលរដ្ឋ តាមព្រំដែន ពិសេសពលករមកពីប្រទេសថៃ។ ដូចនេះហើយ យើងបានសហការជាមួយអាជ្ញាធរថៃ និងរឹតបន្ដឹងរាល់ការចេញចូលទាំងអស់ ពិសេសរាល់ពលករដែលធ្វើដំណើរមកពីប្រទេសថៃ គឺត្រូវធ្វើតេស្ដរហ័សគ្រប់ៗគ្នា៕

ខាងក្រោមនេះ ជាកិច្ចសម្ភាសទាំងស្រុងរបស់លោក អ៊ុំ រាត្រី ជាមួយអ្នកសារព័ត៌មាន៖