(ក្រចេះ)៖ កម្លាំងនគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថ បានបើកប្រតិបត្តិការហើយឈានទៅដល់ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលជាក្រុមចោរប្រដាប់អាវុធ បានធ្វើសកម្មភាពបាញ់សម្លាប់ ប្រជាពលរដ្ឋនៅស្រុកស្នួល ខេត្តក្រចេះ ប្លន់យកលុយអស់ប្រមាណ២លានរៀល។ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានប្រាប់ Fresh News នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះថា ជនសង្ស័យ៣នាក់ (២នាក់ធ្វើសកម្មភាព និងម្នាក់ទៀតដឹកមកទម្លាក់)ត្រូវបានចាប់ខ្លួននៅថ្ងៃនេះ។
លោកស្នងការខណៈកំពុងនាំខ្លួនជនសង្ស័យទៅយកកាំភ្លើងនោះ បានបញ្ជាក់ថា កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ ស្រេន ឡាង អាយុ៣៤ឆ្នាំ មានទីលំនៅឃុំស្រែចារ ស្រុកស្នួល (អ្នកដឹកមកទំលាក់)។ ដោយឡែក ជនសង្ស័យ២នាក់ទៀតដែលជាអ្នកធ្វើសកម្មភាពត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាល ខេត្តមណ្ឌលគិរី តាមទៅចាប់ខ្លួននៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ ជនសង្ស័យទី១ឈ្មោះ អឿន រស់នៅភូមិឃុំខាងលើ និងទី២ឈ្មោះ ចាន់ វី។ សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីក្រុមចោរប្លន់ប្រដាប់ដោយកាំភ្លើងវែង មិនស្គាល់អត្តសញ្ញាណបានបាញ់ប្រហារទៅលើជនរងគ្រោះជាម្ចាស់ផ្ទះដើម្បីប្លន់យកទ្រព្យសម្បត្តិ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចអូរខ្មោះស្ថិតក្នុងភូមមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
មន្ត្រីអាវុធហត្ថស្រុកស្នួលបានឲ្យដឹងថា ក្រុមចោរមានគ្នា២នាក់ ប្រដាប់ដោយអាវុធវែង បានធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់ជនរងគ្រោះ ជាម្ចាស់ផ្ទះចំនួន២គ្រាប់ ចំ-ពោះ និងឆ្អឹងជំនី បណ្ដាលឲ្យស្លាប់ហើយ ប្រមូលយកប្រាក់អស់ចំនួន២លានរៀល រត់គេចខ្លួនបាត់អស់ទៅ។ ជនរងគ្រោះមានឈ្មោះសឿន រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕