(ពោធិ៍សាត់)៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួន២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួន រួមជាមួយវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកក២កញ្ចប់ និងឧបករណ៍ជក់មួយចំនួនទៀត បន្ទាប់ពីភ្នាក់ងារបានផ្ដល់ព័ត៌មានជូននៅល្ងាចថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០១៦នេះ នៅកន្លែងផ្សេងគ្នា ក្នុងក្រុងពោធិ៍សាត់។
លោកវរសេនីយ៍ទោ ញឹម នី មេបញ្ជាការរងទទួលផែនយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា កម្លាំងរបស់លោកបានចុះបង្ក្រាបផ្ទាល់ ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់គឺ ១-ឈ្មោះ កា សុខា ហៅរ័ត្ន អាយុ២០ឆ្នាំ ឃាត់ខ្លួនវេលាម៉ោង១៧ល្ងាចនៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប រួមជាមួយវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លាមួយកញ្ចប់តូច, ឧបករណ៍ជក់ និង ម៉ូតូហុងដាសេ១២៥ ស៊េរី២០១៦មួយគ្រឿង និងទី២-ឈ្មោះ រឿង ស្ក អាយុ២៣ឆ្នាំ រស់នៅភូមិបឹងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ឃាត់ខ្លួនវេលាម៉ោង១៦ល្ងាច នៅភូមិពាលញែក១សង្កាត់ផ្ទះព្រៃ រួមជាមួយវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លាមួយកញ្ចប់ធំ, ម៉ូតូហុងដាសេ ១២៥ ស៊េរី២០១៥មួយគ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់1F-4444។
លោកបានបន្តថា ទាំង២នាក់ ជាមុខសញ្ញាចែកចាយ និង ប្រើប្រាស់គ្រឿងញៀន ដែលសមត្ថកិច្ចយើងតាមប្រមាញ់ជាយូរមកហើយ ប៉ុន្តែមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក។ នៅល្ងាចថ្ងៃទី០៦ ខែមេសានេះ ភ្នាក់ងារបានផ្ដល់ព័ត៌មានមកថា ឃើញជនទាំងពីរនាក់ កំពុងសម្ងំក្នុងផ្ទះទាំងពីរកន្លែងខាងលើគួរឲ្យសង្ស័យ ភ្លាមៗនោះ លោកបានរាយការណ៍ជូនទៅ លោកមេបញ្ជាការ និងលោកព្រះរាជអាជ្ញា ដើម្បីសុំយោបល់អនុវត្តន៍ការងារ ។
បន្ទាប់ពីទទួលបានបទបញ្ជាភ្លាមលោកបានដឹកនាំកម្លាំង ចុះទៅព័ទ្ធនៅទីនោះផ្ទាល់ លុះឆែកឆេរឃើញមានវត្ថុតាង ក៏ធ្វើការឃាត់ខ្លួនជាក់ស្ដែងទាំងពីរនាក់តែម្ដង។ មុខសញ្ញាទាំង២នាក់ នៅល្ងាចថ្ងៃទី០៦នេះ សមត្ថកិច្ចអាវុធហត្ថកំពុងសួរនាំ ប្រមូលព័ត៌មាន បង្កសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃទី០៧ស្អែកនេះ ដើម្បីចាត់ការបន្តតាមនីតិវិធី៕