(ភ្នំពេញ)៖ លោក Rho Hyunjun ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណង របស់គម្រោងអភិវឌ្ឍន៍វិស្វកម្មបរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីពង្រឹងធនធានមនុស្សកម្រិតថ្នាក់ឧត្តមសិក្សានៅកម្ពុជា ជាមួយលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា។ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងពីចម្ងាយ (Virtual Signing Ceremony) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

គម្រោងនេះ មានគោលបំណងដើម្បីកសាងសមត្ថភាពវិស្វកម្មបរិស្ថាននៅកម្រិតថ្នាក់ឧត្តមសិក្សានៅប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ កយកានឹងគាំទ្រ ទី១៖ បង្កើតកម្មវិធីថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតផ្នែកវិស្វកម្មបរិស្ថាន, ទី២៖ ពង្រឹងសមត្ថភាពដល់សាស្ត្រាចារ្យចាប់ពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅប្រទេសកូរ៉េ, ទី៣៖ ពង្រឹងសមត្ថភាពបង្រៀន និងស្រាវជ្រាវដល់សាស្ត្រាចារ្យ និងនិស្សិត, និងទី៤៖ ធ្វើឱ្យប្រសើរឡើងនូវការគាំទ្រហេដ្ឋារចនាសម្ព័ន្ធរបស់មហាវិទ្យាល័យ រួមទាំងគាំទ្រការបង្កើតថ្នាក់រៀនវៃឆ្លាត។

លោក Rho Hyunjun បានបង្ហាញការរំពឹងទុកដ៏ធំនៃគម្រោងនេះ ក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការបំពេញនូវធនធានមនុស្សផ្នែកវិស្វកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ លើសពីនេះលោកបានសង្កត់ធ្ងន់ថា ឆ្នាំនេះកយកាមានព្រឹត្តិការណ៍សំខាន់ៗជាមួយក្រសួងអប់រំចំនួន ៣លើក។

លោកបន្តថា «លើកទី១ គឺកម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានលើគម្រោងការកសាងសមត្ថភាព ICTសម្រាប់ការអប់រំនៅមធ្យមសិក្សា។ លើកទី២ នាថ្ងៃនេះ យើងបានចុះហត្ថលេខាគាំទ្រដល់គម្រោងអភិវឌ្ឍន៍វិស្វកម្មបរិស្ថាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រឹងធនធានមនុស្សកំរិតថ្នាក់ឧត្តមសិក្សានៅកម្ពុជា។ ហើយកាលពីថ្ងៃទី៣ ខែកញ្ញា យើងបានធ្វើពិធីបញ្ចុះបឋមសីលាសាងសង់មជ្ឈមណ្ឌលជាតិធុរៈកិច្ចថ្មីនៅកម្ពុជា»

លោកបណ្ឌិត ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកយកាដែលបានបន្តគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជា។ លោកជឿជាក់ថា ជំនួយនេះនឹងក្លាយជាចំណុចចាប់ផ្តើមថ្មីមួយទៀតដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

សូមជម្រាបថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ ក្រោមក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលបានផ្តល់នូវកម្មវិធីជំនួយឥតសំណងរបស់ប្រទេសកូរ៉េ។ កយកា មានគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាទៅវិញទៅមក ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បណ្តាប្រទេសទាំងនោះ។

ដើម្បីសម្រេចគោលដៅនេះ កយកា បានចូលរួមក្នុងគម្រោងជាច្រើនរួមទាំង កម្មវិធីគម្រោង និង កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍ (Development Experience Exchange Program-DEEP) កម្មវិធីអាហារូបករណ៍ មិត្តភក្តិកូរ៉េពិភពលោក (មានអ្នកស្ម័គ្រចិត្តនិងទីប្រឹក្សាកូរ៉េ) ជំនួយមនុស្សធម៌ និងជំនួយបន្ទាន់សម្រាប់គ្រោះមហន្តរាយ ភាពជាដៃគូសាធារណៈនិងឯកជន (PPP) កិច្ចសហប្រតិបត្តិការពហុភាគី និងមូលនិធិទប់ស្កាត់ជំងឺឆ្លងទូទាំងពិភពលោក៕