(កណ្តាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្តាល ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា សហការជាមួយកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួល ពីតំណាងអយ្យការទាំង២រាជធានី-ខេត្ត នារយៈពេលប៉ុន្មានថ្ងៃនេះ បានបើកប្រតិបត្តិការ ចុះស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ២នាក់ ពីបទលក់រថយន្តគ្មានពន្ធ លួចធ្វើឯកសារក្លែងក្លាយ និងប្រើប្រាស់រថយន្តក្លែង។ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប្រាប់ថា ជាអ្នកលក់រថយន្ត នៅម្តុំស្តាតចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានបង្ហាញខ្លួនឯងម្តងជាមន្រ្តីនគរបាល និងម្តងមន្រ្តីយោធាទៀតផង។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យត្រូវបាន កសាងសំណុំរឿងទៅតុលាការ ហើយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះ ត្រូវបានលោក ងួន វុទ្ធី អនុប្រធានតុលាការខេត្តកណ្តាល ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារទៀតផង។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីមានករណីឆបោកដោយប្រើឯកសារក្លែង កើតមានឡើងនៅសេវាបញ្ចាំមួយកន្លែងនៅក្រុងតាខ្មៅ កាលពីវេលាម៉ោង១០៖៤០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ កម្លាំងជំនាញមន្ទីរយុត្តិធម៌ អ.ហ ខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្សយ័ម្នាក់ ដែលកំពុងធ្វើសកម្មភាពយកឯកសារក្លែង និងរថយន្ត១គ្រឿងម៉ាក LEXUS RX-330 ពាក់ផ្លាកលេខភ្នំពេញ 2L-7492 ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ២០០៥ យកមកបញ្ជាការដ្នាន អ.ហ ខេត្តធ្វើការសាកសួរនិងស្រាវជ្រាវ។ ជាលទ្ធផល តាមចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបញ្ជាក់ពីជំនាញពាក់ព័ន្ធឃើញថា រថយន្តនេះជារថយន្តគ្មានពន្ធនាំចូល ឯកសារពាក់ព័ន្ធរថយន្ត (ប័ណ្ណសំគាល់)ក្លែងក្លាយ។
ក្រោយពីជំនាញស្រាវជ្រាវ និងពិនិត្យឃើញថា មានការពាក់ព័ន្ធទៅនឹងបុគ្គលមួយចំនួនទៀត ទើបជំនាញសុំគោលការពីលោកព្រះរាជអាជ្ញា សុំធ្វើការពន្លាតដែនដីសមត្ថកិច្ច ដោយមានការសហការយ៉ាងល្អពីសំណាក់ អ.ហ រាជធានីភ្នំពេញ ព្រមទាំងជំនាញពាក់ព័ន្ធ នៅវេលាម៉ោង១៖៤៣នាទីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្សយ័ម្នាក់ទៀតឈ្មោះ ប៉ាវ សំអាត ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកចំរៀងអ័កកាងដង់ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកលក់រថយន្ត និងរត់ការធ្វើឯកសារក្លែងក្លាយ) នៅចំណុចម្តុំស្តាតចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយធ្វើការដកហូតរថយន្តអត់ពន្ធ១គ្រឿងម៉ាក LEXUS RX-330 ពាក់ផ្លាកលេខ ភ្នំពេញ 2U-1571 ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ2005(គ្មានពន្ធនាំចូល) និងឯកសារក្លែងបន្លំមួយចំនួន។
ក្នុងករណីនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ និងយកចិត្តទុកដាក់បំផុតដើម្បីស្វែងរកបក្ខពួកពាក់ព័ន្ធមួយចំនួនទៀត។ ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលំ ភូមិ-ឃុំអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កម្លាំងអាវុធហត្ថបានចាប់ខ្លួនជនសង្ស័យឈ្មោះ ហេង ដារា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅកន្លែងកើតហេតុ។ ក្រោយចាប់ខ្លួនចាប់ខ្លួន កម្លាំងអាវុធហត្ថ បានដកហូតគ្រឿងញៀន(ម៉ាទឹកកក)ចំនួន២កញ្ចប់តូច និងសម្ភារសម្រាប់ប្រើប្រាស់មួយចំនួនទៀត៕