(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះទៅពិនិត្យ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ប្រមាណ ២លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានដឹកមកដល់កម្ពុជានាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោកស្រី ក៏បានផ្តល់បទសម្ភាសន៍ជូនក្រុមអ្នកព័ត៌មានអំពីបច្ចុប្បន្នភាពវ៉ាក់សាំងដែលកម្ពុជារកបាន និងព័ត៌មានពាក់ព័ន្ធការគ្រោងរៀបចំបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងបទសម្ភាសន៍នោះ លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា វ៉ាក់សាំងជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ដឹកមកដល់ព្រឹកមិញនេះ គឺយកទៅប្រើសម្រាប់ចាក់ដូសទី៣ ឬដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ។ លោកស្រី បានបញ្ជាក់ដែរថា មកដល់ពេលនេះវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាលចិន មានចំនួនសរុប ៦.៨លានដូស ហើយក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន ផ្តល់ជំនួយ ៥០ម៉ឺនដូស។

បើតាមលោកស្រី យក់ សម្បត្តិ មកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងសរុប ៣៧លាន ៦សែនដូស ហើវ៉ាក់សាំងនៅក្នុងឃ្លាំងមានរហូតដល់ជាង ៦លានដូស។

លោកស្រី ក៏បានឆ្លៀតបញ្ជាក់ផងដែរថា លទ្ធផលនៃការគ្រប់គ្រងជំងឺកូវីដ១៩ ដែលកម្ពុជាទទួលបាននាពេលបច្ចុប្បន្ន មានការធ្លាក់ចុះនៃការរីករាលដាលនេះ គឺជាលទ្ធផលកើតចេញពីការប្រឹងប្រែង និងការសម្រេចបាននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រេចសរុបរហូតដល់ជាង ១៣.៥លាននាក់ ស្មើនឹងជិត ៨៥ភាគរយ នៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។

ក្នុងបទសម្ភាសន៍នេះ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារគណៈកម្មការគ្រប់គ្រងជំងឺកូវីដ១៩ កំពុងរៀបចំផែនការក្នុងការរៀបចំបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានគ្រប់វិស័យឡើងវិញ។ បន្ថែមពីលើនោះ រាជរដ្ឋាភិបាល ក៏កំពុងរៀបចំគោលនយោបាយ និងផែនការ ក្នុងការបើកឱ្យមានសកម្មភាពទេសចរណ៍ និងទទួលភ្ញៀវទេសចរពីក្រៅប្រទេសឡើងវិញផងដែរ។

បើតាមលោកស្រី យក់ សម្បត្តិ គោលនយោបាយ និងផែនការនេះ អាចនឹងដាក់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចនៅចុងឆ្នាំនេះ។

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់លោកស្រី យក់ សម្បត្តិ៖