(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សម្រាប់ស្រ្តីខ្មែរ២នាក់ ដែលចង់ស្វែងរកអន្តរាគមន៍ចង់វិលត្រឡប់មកស្រុកកំណើតវិញ ដោយមិនចង់បន្តរស់នៅ ជាមួយប្តីជនជាតិចិននោះ ត្រូវបានអគ្គកុងស៊ុលប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន ជួបដោយផ្ទាល់ និងដោះស្រាយបញ្ហាចំពោះមុខ តាមរយៈការផ្តល់ថវិកាសម្រាប់ការស្នាក់នៅ និងការចាយវាយផងដែរ។

បើតាមលោក កុយ គួង សម្រាប់ស្រ្តីទាំង២នាក់នេះ ខាងអគ្គកុងស៊ុលរបស់កម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ បានណែនាំឲ្យពួកគាត់ត្រឡប់ទៅដោះស្រាយដោយបញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយប្តីរបស់ខ្លួនជាមុនសិន ទើបអាចវិលត្រឡប់មកស្រុកកំណើតបាន ដោយសារច្បាប់ស្រុកចិនតម្រូវឲ្យធ្វើយ៉ាងដូច្នេះ។

លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ ខាងអគ្គកុងស៊ុលរបស់យើង បានផ្តល់ថវិកាមួយចំនួនដើម្បីឲ្យពួកគាត់ស្នាក់នៅ ហូបចុកជាបណ្តោះអាសន្ន ពីព្រោះនគរបាលចិន គេនៅទាមទារឲ្យពួកគាត់ ទៅដោះស្រាយលែងលះលុបសៀវភៅអាពាហ៍ពិពាហ៍ឲ្យជ្រះស្រឡះសិន ទើបគាត់អាចត្រឡប់មកស្រុកកំណើតវិញបាន ពីព្រោះបើនៅជាប់ចំណងអាពាហ៍ពិពាហ៍មិនទាន់ស្អាតចឹង ច្បាប់ស្រុកគេតម្រូវឲ្យដោះស្រាយគ្នាសិន ដើម្បីឲ្យគេដឹងថាយើងពិតជាបានលែងលះជាមួយប្តីចិនពិតប្រាកដ ហើយពេលលុបបញ្ជីអាពាហ៍ពិពាហ៍ត្រឹមត្រូវហើយ ទើបយើងមានសិទ្ធិមកប្រទេសខ្មែរសេរីបាន»

បើតាមអ្នកនាំពាក្យក្រសួងការបរទេសរូបនេះ សម្រាប់ពួកគាត់ទាំង២នាក់ ដែលទៅដោះស្រាយបញ្ហាលែងលះឲ្យដាច់ជាមួយប្តីរបស់ខ្លួននោះ ក៏ប្តីមិនហ៊ានធ្វើបាបនោះដែរដោយសារនគរបាលចិនបានក្តាប់ និងទទួលបានករណីនេះរួចហើយ ដូច្នេះពួកគេមិនអាចធ្វើអ្វីខុសច្បាប់ទៅលើស្រ្តីទាំង២នាក់នេះបានទេ។

សូមបញ្ជាក់ថា ស្រ្តីខ្មែរ២នាក់ រួមមានទី១ មានឈ្មោះថា ឈឺន សុផៃ ទីកន្លែងកំណើតនៅភូមិកសិកម្ម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចំណែកឯជនរងគ្រោះទី២ មានឈ្មោះថា លីន សាវ៉ន ទីកន្លែងកំណើតភូមិម៉ាសែន ឃុំប៉ាហាល ស្រុកត្បែង ខេត្តព្រះវិហារ បានសុំអន្តរាគមន៍ដល់ថ្នាក់ដឹកនាំឲ្យជួយពួកគេត្រឡប់មកស្រុកកំណើតវិញ ដោយសារការធ្វើបាបពីសំណាក់ប្តីជនជាតិចិន។

តាមរយៈបណ្តាញ Tik Tok ជនរងគ្រោះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបានមកខ្លួននៅប្រទេសចិនអស់រយៈពេល ៥ ឆ្នាំហើយ។ ខ្ញុំបានចាញ់បោកមេខ្យល់ឡើងមក។ អញ្ចឹងខ្ញុំសុំឱ្យសម្ដេច ប៊ុន រ៉ានី និងសម្ដេច ហ៊ុន សែន ជួយយកខ្ញុំទៅខ្មែរផង។ នេះជាលេខទូរសព្ទខ្ញុំ 19979098645»