(តាកែវ)៖ ស្រ្តីខ្មែរ៤នាក់ ដែលជាកូនប្រពន្ធ របស់អ្នកមានមុខមាត់ នៅក្នុងខេត្តតាកែវ ត្រូវបានទាហានព្រំដែនវៀតណាម ចាប់យកទៅឃុំខ្លួន រយៈពេល៩ថ្ងៃ ដោយចោទប្រកាន់ពីបទចូល ប្រទេសវៀតណាមដោយខុសច្បាប់ និងនាំលុយឆ្លងដែន ត្រូវបានអាជ្ញាធរវៀតណាម សម្រេចដោះលែងឲ្យត្រលប់មកផ្ទះវិញហើយ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធរខេត្ត និងពីមន្រ្តីនគរបាលជាន់ខ្ពស់ របស់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ។
តាមរបាយការណ៍របស់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ ដែលផ្ញើទៅអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ស្រ្តីខ្មែរទាំង៤នាក់ ដែលរស់នៅក្នុងខេត្តតាកែវ ត្រូវបានអាជ្ញាធរខេត្តអានយ៉ាង នៃប្រទេសវៀតណាម បានសម្រចដោះលែងជាបណ្ដោះអាសន្ន ហើយពួកគេទាំង៤នាក់ បានធ្វើដំណើរមកដល់កម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន នៅវេលាម៉ោង៤៖៣០នាទីរសៀល។
ស្នងការដ្ឋាននគបាលខេត្តតាកែវ បានបន្តថា បើទោះបីជាត្រូវបានដោះលែងយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទ្រព្យសម្បត្តិដែលមានលុយជិត១ពាន់លានដុង និងសម្ភារៈជាគ្រឿងអលង្ការមួយចំនួនទៀតនោះ អាជ្ញាធរវៀតណាមមិនបានប្រគល់ឲ្យស្រ្តីខ្មែរទាំង៤នាក់ ខាងលើនៅឡើយទេ ដោយអាជ្ញាធរវៀតណាមរង់ចាំ ការបញ្ចប់និតិវិធីរួចរាល់សិន ទើបប្រគល់ឲ្យនៅពេលក្រោយ។
សមត្ថកិច្ចច្រកទ្វារភ្នំដិន ដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុដែលអាជ្ញាធរវៀតណាម ចាប់ស្រ្តីខ្មែរទាំង៤នាក់ខាងលើ គឺមកពីស្រ្តីខ្មែរទាំង៤នាក់ បាននាំលុយឆ្លងដែន ចូលទៅប្រទេសវៀតណាម ក្នុងចំនួនច្រើនលើសលប់ ពោលគឺគេបានឆែកឃើញលុយចំនួន ប្រមាណ១ពាន់លានដុង «៥ម៉ឺនដុល្លារ» និងគ្រឿងអលង្ការមួយចំនួនទៀត។ បើតាមច្បាប់វៀតណាម គឺគេអនុញ្ញាតឲ្យនាំលុយចូលស្រុកគេតែ១០០លានដុង «៥ពាន់ដុល្លា» តែប៉ុណ្ណោះ ហើយអ្នកនាំចូលលុយនេះ ត្រូវតែមានលិខិតឆ្លងដែន និងត្រូវតែជូនដំណឹងដល់គយវៀតណាមផងដែរ។
គួរបញ្ជាក់ថា ស្រ្តីខ្មែរទាំង៤នាក់ ដែលជាកូនប្រពន្ធអ្នកមានមុខមាត់ នៅក្នុងខេត្តតាកែវ ខាងលើត្រូវបានអាជ្ញាធរវៀតណាម ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វារទឹកកំពង់ក្រសាំង-យានដុង ស្រុកអាងភូ បន្ទាប់ពីពួកគេទាំង៤នាក់ បានធ្វើដំណើរតាមទូកឆ្លង ចូលទៅប្រទេសវៀតណាម ដោយមានគ្រឿងអលង្ការ និងលុយដុងមួយចំនួនធំផងដែរ៕