(ភ្នំពេញ)៖ ល្ខោនសៀកកម្ពុជាហ្វារ និងសមាគមហ្វារពន្លឺសិល្បៈ ត្រៀមនឹងរៀបចំមហោស្រពល្ខោនសៀក អន្តរជាតិ «ទីនេះទីនោះ» ខួបលើទី១០ក្នុងគោលបំណង ដើម្បីពង្រីងខ្លួនលើឆាកអន្តរជាតិ និងជាការសម្តែងចែកជូនសាធារណៈជន បានទស្សនាដែលមានរួមបញ្ចូល ទាំងការសម្តែង នាពេលរាត្រី ការសម្តែងតាមដងវីថី ជាដើម។
លោក ហួត ដារា នាយកប្រតិបត្តិ នៃល្ខោនសៀកកម្ពុជាហ្វារ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ធ្វើឡើងនាវិទ្យាស្ថានបារាំង នាព្រឹកថ្ងៃទី៦ ខែ មេសា ឆ្នា២០១៦នេះថា ក្នុងឱកាសខួបលើកទី១០ នៃសៀកសហសម័យនៅឆ្នាំនេះ គឺមានការចូលរួមពីបណ្ដាប្រទេសអន្តរជាតិ ជុំវិញពិភពលោកដោយមាន៥ក្រុម មកពី ប្រទេសអូស្ត្រាលី កាណាដា ឥណ្ឌូណេស៊ី នេប៉ាល់ និងប្រទេសបារាំង រួមជាមួយសិល្បករកម្ពុជា ពីល្ខោនសៀកកម្ពុជាហ្វារ ។ មហោស្រពល្ខោនសៀកអន្តរជាតិនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែមេសា ដល់ថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ បាត់ដំបង និងខេត្តសៀមរាប ។
នាយកប្រតិបត្តិ នៃល្ខោនសៀកកម្ពុជាហ្វារលោក ហួត ដារា បានបញ្ជាក់ថា ក្រុមសៀកអន្តរជាតិនៅក្នុងឆ្នាំនេះ មានក្រុម Flying Fruit FlyCircus ដែលជាសៀកយុវជនជាតិ មកពីប្រទេសអូស្ត្រាលី និង ត្រៀមបង្ហាញការសម្ដែងថ្មី ឈ្មោះ Stunt Lounge, ក្រុម Collectif Open Ticket មកពីប្រទេសបារាំង ដែលនឹងសម្តែងរឿង Sans queus ni tete (Nonsense), ក្រុមសៀក Inner Ring មកពីប្រទេសកាណាដា ដែលនឹងសម្តែងរឿង duo juggling duo act. ក្រុមសៀកហ្វារពន្លឺសិល្បៈយើង នឹងសម្តែងរឿងថ្មីបំផុត គឺ «ឥទ្ធិពល»។
លោក ហួត ដារា នាយកប្រតិបត្តិ នៃល្ខោនសៀកកម្ពុជាហ្វារ បានបន្ថែមថា ប្រទេសកម្ពុជាកំពុងឈានមុខ ក្នុងតំបន់នៃការសម្តែងសៀកសហសម័យ រួមជាមួយ ការសម្ដែងនាពេលរាត្រី រយៈពេលបីឆ្នាំ ដោយល្ខោនសៀកកម្ពុជាហ្វារ នៅខេត្តសៀមរាប និងរយៈពេលម្ភៃឆ្នាំ នៃការសម្ដែងយ៉ាងទៀងទាត់ ដោយសមាគមហ្វារពន្លឺ សិល្បៈ «ទីនេះទីនោះ» គឺជាព្រឹត្តិការណ៍ដែលបង្ហាញអំពីសិល្បៈ ហើយយើងកំពុងតែនាំយក ការសម្ដែងសៀកសហសម័យ ពីទូទាំងពិភពលោកមក ដើម្បីបានទស្សនា និងចូលរួមក្នុងឆាកសិល្បៈ ដ៏រស់រវើកមួយនេះ៕