(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ សម្រេចដោះលែងអតីតអ្នកបើកបររថយន្តក្រុងកាពីតូល និងអ្នករត់ម៉ូតូឌុបម្នាក់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តាមសំណើរបស់មេធាវី។ នេះបើតាមការបញ្ជាក់របស់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ ទោះបីយ៉ាងណា ពួកគេទាំងពីរនាក់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយភ្ជាប់លក្ខខណ្ឌមួយចំនួន។
ជនត្រូវចោទទាំងពីរនាក់មានឈ្មោះ ណន វណ្ណា អាយុ៣៨ឆ្នាំ មុខរបរជាអតីតអ្នកបើកបររថយន្តក្រុងកាពីតូល មានទីលំនៅផ្ទុះជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង ឈ្មោះ រស់ ស៊ីផៃ អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប មានទីលំនៅផ្ទុះលេខ៥៨០ ផ្លូវឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌព្រែកព្នៅ ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធបទប្រឆាំង នឹងអ្នករាជការសាធារណៈ និងបទរារាំង ជាឧបសគ្គដល់ចរាចរណ៍ សាធារណៈ ប្រព្រឹត្តនៅចំណុច មុខក្រុមហ៊ុនកាពីតូល ក្នុងខណ្ឌ៧មករា កាលពីថ្ងៃ ទី៦ ខែកុម្ភៈ តាម បញ្ញត្តិ មាត្រា ២១៨ មាត្រា ៥០៤ នៃ ក្រម ព្រហ្មទណ្ឌ និង មាត្រា៨០ នៃច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។
ពួកគេទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ឆែល វណ្ណណេង អាយុ២៣ឆ្នាំ ជានគរបាលប៉ុស្តិ៍វាលវង់ និង ឈ្មោះ អ៊ូ ពៅ អាយុ៤២ឆ្នាំ ជាអធិការរងនគរបាលខណ្ឌ៧មករា ៕