(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ បានអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចធ្វើចរាចរណ៍ឡើងវិញ នៅលើកំណាត់ផ្លូវជាតិលេខ៩២ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ដើម្បីធានាសុវត្ថិភាព និងថែរក្សាផ្លូវថ្នល់ឱ្យប្រើប្រាស់បានយូរអង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ សូមម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវចៀសវាងនូវការដឹកទំនិញលើសទម្ងន់ កម្រិតកំណត់ ដែលធ្វើឱ្យតផ្លូវរងការប្រេះស្រុត ខូចខាត ជាពិសេសផ្លូវថ្នល់ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក៕