(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជាសរុបជាង ១៣.៥លាននាក់ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈអ្នករាជធានីភ្នំពេញ ចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ។

ប្រជាពលរដ្ឋខ្មែរ បានសម្តែងការពេញចិត្តចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកគេ។ ពួកគេ បានមើលឃើញថា រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ពិតជាយកចិត្តទុកដាក់ខ្ពស់លើសុខភាពរបស់ពួកគេ ពីការរាតត្បាតមេរោគកូវីដ១៩។

ក្រោយពេលបានចាក់វ៉ាក់សាំងជាបន្តបន្ទាប់រហូតដល់ដូសទី៣ ប្រជាពលរដ្ឋមានទំនុកចិត្តកាន់តែខ្ពស់ថា នឹងបានគេចផុតពីការរាតត្បាត និងបង្កគ្រោះថ្នាក់ដល់សុខភាពដោយសារមេរោគកូវីដ១៩។ តែទោះជាយ៉ាងណា គេនៅតែបន្តប្រកាន់ខ្ជាប់នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស «៣កុំ និង៣ការពារ»។

ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើដំណើរទៅចាក់វ៉ាក់សាំងដូសទី៣ បានបង្ហាញការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែខ្វាយខ្វល់ពីអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ខាងក្រោមនេះ គឺជាវីដេអូចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋជុំវិញចំណាត់ការរបស់រាជរដ្ឋាភិបាលលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៖