(សៀមរាប)៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានបើកកិច្ចប្រជុំមួយស្ដីពីការរៀបចំសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។

នៅថ្ងៃទី១២ ខែតុលា លោក នឹម វ៉ាន់សំ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប និង លោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំស្តីពីសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ខាងមុខនៅទីស្នាក់ការលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប ។

លោក នឹម វ៉ាន់សំ បានបង្ហាញថា ចំពោះការចុះឈ្មោះបោះឆ្នោតសំដៅលើប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង។ ប្រជាពលរដ្ឋ ដែលបានផ្លាស់លំនៅទៅកាន់ទីកន្លែងថ្មី ណាមួយត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅទីនោះបាន ។

លោកបន្ថែមទៀតថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ត្រូវចុះហត្ថលេខាដោយប្រធាន ឬតំណាង នៃគណបក្សនយោបាយ ដែលទទួលបានការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ ពីប្រធានគណបក្សនយោបាយ។ ការផ្ទេរសិទ្ធិនេះ មិនអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តឡើយ លើកលែងតែក្នុងលិខិតផ្ទេរសិទ្ធិនោះ មានខ្លឹមសារអនុញ្ញាតឱ្យផ្ទេរសិទ្ធិបន្តទើបបាន។

ដោយឡែក កាលបរិច្ឆេទនៃការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ គឺចាប់ផ្តើមពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីធានាឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ ប្រព្រឹត្តទៅដោយសន្តិសុខ សុវត្ថិភាព និងជៀសផុតពីជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ផងដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់រួមមាន គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គភាពសារព័ត៌មាននានា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយផ្សព្វផ្សាយខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ជូនប្រជាពលរដ្ឋខ្មែរឱ្យបានជ្រាប និងជួយជំរុញឱ្យ ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា៕