ចោរមួយក្រុម បាញ់សំឡុត១គ្រាប់ ប្លន់យកលុយ៥លាន៥សែន និងទូរស័ព្ទ២គ្រឿង នៅស្រុកកំរៀង
06-04-2016 16:43
(បាត់ដំបង)៖ មានករណីចោរប្លន់មួយកើតឡើងយប់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នៅភូមិដំណាក់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយក្រុមចោរបានបាញ់សំឡុតគម្រាម១គ្រាប់ ហើយបានប្លន់យកលុយបានចំនួន៥,៥០០,០០០រៀល និងទូរស័ព្ទ២គ្រឿង។
ជនរងគ្រោះជាអ្នករកស៊ីទិញ និងលក់ដំឡូងមីក្រៀម មានគ្នា៣នាក់ ទី១មានឈ្មោះថង រ៉ាន់ អាយុ៥០ឆ្នាំ ត្រូវជាឪពុក ទី២មានឈ្មោះ អ៊ីត សុងរ៉ាក់ អាយុ២០ឆ្នាំ ត្រូវជាកូន និងទី៣មានឈ្មោះទូច ពៅ អាយុ២១ឆ្នាំ ត្រូវជាកម្មករ និងជាក្មួយផង។ ជនរងគ្រោះបានប្រាប់ថា នៅល្ងាចថ្ងៃកើតហេតុ ខ្លួនបានទទួលទូរស័ព្ទមួយ ដោយបាននិយាយណាត់ឲ្យទៅដឹកដើម្បីដំឡូង នៅចំណុចកើតហេតុខាងលើ ទើបខ្លូនបាននាំឪពុក និងក្មួយបើករថយន្ត ដើម្បីទៅដឹកដើមដំឡូង តាមការសន្យា។
លុះដល់កន្លែងកើតហេតុខាងលើ ក៏មានបុរសមាឌធំ សក់រួញ មុខធំ ហើយមានភ្នែកខូងជ្រៅ ស្លៀកខោជើងវែងពណ៌ខ្មៅ អាវសការ៉ូដៃវែង កាន់កាំភ្លើងអាកាស្វ័យបត់បានភ្ជង់ និងបាញ់គម្រាមពួកគេប្លន់យកលុយ ទូរស័ព្ទ និងសោរថយន្តតែម្ដង។ ក្រោយពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ចនគរបាលមូលដ្ឋានបាន និងកំពុងតាមប្រមាញ់ ស្រាវជ្រាវរកមុខចោរខាងលើ យកមកផ្ដន្ទាទោស ហើយមកទល់ពេលនេះ នៅមិនទាន់ដឹងពីតម្រុយនៅឡើយទេ៕