(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងមន្ត្រីជាន់ខ្ពស់ត្រួតពិនិត្យគ្រឿងញៀនអាស៊ាន នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន តាមប្រព័ន្ធវីដេអូ។ ដែលកិច្ចប្រជុំត្រៀមនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះភាគីកម្ពុជា គឺនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងឧបនាយករដ្ឋមន្ត្រី កែវ គឹមយ៉ាន ដែលមានការអញ្ជើញចូលរួមកិច្ចប្រជុំពីតំណាងស្ថាប័ន ត្រួតពិនិត្យគ្រឿងញៀន នៃបណ្តារដ្ឋអាស៊ាន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដោយកោតសរសើរ និងថ្លែងនូវអំណរអគុណ ចំពោះបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានលទ្ធផលគួរកត់សម្គាល់។

ថ្លែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាត្រួតពិនិត្យ គ្រឿងញៀនឥណ្ឌូនេស៊ី ដែលបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យលើសេខក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការសកម្មភាពសហគមន៍ អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា វិបត្តិសកលកូវីដ១៩ ដែលនៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសន្តិសុខពិភពលោក ប៉ុន្តែបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ បន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នៅក្នុងតំបន់ក៏ដូចជាពិភពលោក៕