(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា បានដឹកនាំប្រតិភូធ្វើទស្សនៈកិច្ចពិនិត្យខ្សែ ច្រវ៉ាក់ផលិតកម្មផលិតផលហាឡាល នៅក្រុមហ៊ុន Angkor Daily Foods Co., Ltd។

លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ទស្សនកិច្ចនេះគឺក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់រោងចក្រសហគ្រាសដែលបានចុះបញ្ជីប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជា ឲ្យអនុវត្តការផលិតកាន់តែប្រសើរ និងកាន់តែច្រើនឡើង ជួយជំរុញលើកទឹកចិត្តឲ្យរោងចក្រសហគ្រាសដ៏ទៃទៀត ទទួលយកការប្រើប្រាស់ស្តង់ដារហាឡាល សំដៅការផ្គត់ផ្គង់ក្នុងទីផ្សារជាតិ និងអន្តរជាតិកាន់តែខ្លាំងឡើង។

បើតាមលោកទេសរដ្ឋមន្ដ្រី ផលិតផលហាឡាលមិនសំដៅសម្រាប់តែតម្រូវការចាំបាច់របស់អ្នកកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ផលិតផលហាទ្បាល គឺមានទំហំធំធេងបើធៀបនឹងចំនួនប្រជាជនមុស្លិមលើសកលលោក ដែលមានអ្នកកាន់សាសនាឥស្លាមស្មើនឹង១ភាគ៣ឯណោះ។

សូមជម្រាបថា ក្រុមហ៊ុនអង្គរដេលីហ៊្វូដ ខូអិលធីឌី ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈប៉ូវកម្លាំង ត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ២០១៧ មានបុគ្គលិកជាង ៣០០នាក់ ទទួលបានការទទួលស្គាល់ជាផ្លូវការ ពីស្ថាប័នជាតិ និង អន្តរជាតិ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលកម្ពុជាផងដែរ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនមានផលិតភេសជ្ជៈដូចជា Champion ICE, Red Ant, និង Missile, ជាមួយនឹងសារធាតុផ្សំ និងវីតាមីនសំខាន់ៗ ដើម្បីផលិតភេសជ្ជៈ ដែលមានរសជាតិឆ្ងាញ់ពិសាហើយក៏ជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មានទីតាំងរោងចក្រផលិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅក្នុងដំណើរទស្សនកិច្ចរបស់ទេសរដ្ឋមន្ត្រី លោកស្រី សុខ សុភាព អគ្គនាយិកា ក្រុមមហ៊ុន អង្គរដេលីហ៊្វូដ ខូអិលធីឌីបានថ្លែងថាលោកស្រីបានសង្កេតឃើញថាការអនុវត្តស្តង់ដាហាឡាល និងទទួលបានវិញ្ញាបនបត្រហាឡាល គឺធ្វើឲ្យអតិថិជនទាំងថ្នាក់ជាតិ និងអន្តរជាតិ មានការគាំទ្រកាន់តែច្រើនឡើង ជាពិសេសបងប្អូនជនជាតិអ៉ីស្លាម។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមឯកទេសផលិតផលហាឡាលកម្ពុជា សហការជាមួយក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យវាយតម្លៃលក្ខខណ្ឌបច្ចេកទេសស្តង់ដារផលិតផលហាទ្បាលកម្ពុជា និងសម្រេចបានចេញវិញ្ញាបនបត្រសរុបចំនួន ១៧៣ក្នុងនោះរួមមាន អាហារដ្ឋាន/ភោជនីយដ្ឋាន ចំនួន២៩, ក្រុមហ៊ុន/សិប្បកម្ម/រោងចក្រ ចំនួន ៨៤, សត្តឃាតដ្ឋានសំឡេះមាន់ ចំនួន១ និងមុខទំនិញសរុប ៧០៣មុខ៕