(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជានាយកប្រតិបត្តិចាក់វ៉ាក់សាំងក្រសួងការពារជាតិ មានបណ្ណចាក់វ៉ាក់សាំងរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាង ១០ម៉ឺនបណ្ណ មិនទាន់ឃើញមានអ្នកទៅទទួលនៅឡើយ។

ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា បណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺមានភាពចាំបាច់ណាស់សម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ ព្រោះថាអាជ្ញាធរបានចាប់ផ្តើមដាក់ចេញវិធានការបង្ហាញបណ្ណនេះ មុនចូលទីតាំងសាធារណៈ និងទីតាំងឯកជននានា។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងជាមួយកងទ័ពទាក់ទងស្វែងរកនូវបណ្ណចាក់វ៉ាក់សាំងរបស់ខ្លួន។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បណ្ណចាក់វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ផលិតបានជាង ៨០ម៉ឺននាក់ហើយ ក្នុងចំណោមប្រជាពលរដ្ឋដែលបានចាក់ជាង ១លាននាក់។ ប៉ុន្តែបណ្ណរហូតដល់ទៅជាង ១០ម៉ឺនបណ្ណមិនទាន់មានអ្នកមកទទួល។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងជាមួយកងទ័ពនៅក្នុងរាជធានីភ្នំពេញ ទៅទាក់ទងជាមួយកងរាជអាវុធហត្ថ នៅតាមខណ្ឌដែលពួកគេបានចាក់វ៉ាក់សាំង ដើម្បីទទួលយកបណ្ណ។

នាយឧត្តមសេនីយ៍ ក៏បានឆ្លៀតបញ្ជាក់ផងដែរថា មកដល់ពេលនេះទាំងនៅរាជធានី និងនៅតាមខេត្តទាំង៨ ដែលកងទ័ពបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាង ២.៧លាននាក់នោះ ក្រសួងផលិតបណ្ណបានជាង ២.២លានបណ្ណហើយ។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកបង្ហាញពីមូលហេតុមួយចំនួន ដែលនាំឱ្យមានភាពយឺតយ៉ាវលើការផលិតបណ្ណចាក់វ៉ាក់សាំងនេះផងដែរ។ បើតាមនាយឧត្តមសេនីយ៍រូបនេះ ភាពយឺតយ៉ាវ គឺបណ្តាលមកពីបញ្ហាបញ្ជូនទិន្នន័យ និងការស្រង់យកទិន្នន័យរបស់អ្នកចាក់វ៉ាក់សាំង ដោយមានការច្រឡំ ឬខ្វះខាតទិន្នន័យមួយចំនួន ហើយទាមទារឱ្យស្រង់យកជាថ្មី៕